ព័ត៌មានជាតិ

ទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត ពេលនេះកំពុងតែកើនឡើងហើយ

ភ្នំពេញៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងយាយីដោយជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងទាំងយប់នេះ ឯកឧត្ដមរដ្ឋមន្រ្តីបានណែនាំបន្ថែមដល់ក្រុមការងារបច្ចេកទេសឲ្យយកបាវខ្សាច់មករៀបលើខ្នងទំនប់កម្ពស់ ០,៥០ ម៉ែត្រ ដើម្បីលើកកម្ពស់ខ្នងទំនប់បន្ថែមបង្ការលំហូរទឹកពីលើខ្នងទំនប់ដែលអាចបង្កឲ្យមានលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋនៅប៉ែកខាងក្រោម ។ សូម បញ្ជាក់ ថា ស្ថាន ភាព ទឹក នៅ បន្ត ឡេីង បន្ថែម ទៀត តែ មិន ទាន់ មានអ្វី ដែល ជា ការយាយីដល់រាជធានី ភ្នំពេញ នៅ ឡេីយ ទេ ដោយ ក្រុម ការងារ បច្ចេកទេស របស់ ក្រសួង បាន ធ្វើ ការ បិត រូង នាគ ជាច្រើន កន្លែងនៅ តាម តួទំនប់ និង យាម ប្រចាំ ការ ២៤ ម៉ោងលេី ២៤ ម៉ោង អស់ រយៈពេល ជាង១សប្តាហ៍មកហើយ ។ ជាសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់ស្ថាប័នដែលកំពុងធ្វើការដ្ឋាន ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋយើង មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ៕

 

មតិយោបល់