ព័ត៌មានជាតិ

មុខសញ្ញារឆក់កក្រើករាជធានីភ្នំពេញម្នាក់ពេលនេះ ត្រូវចាត់ការតាមនិតិវិធីហើយ

ភ្នំពេញ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ០១នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសម្រេចបាន ០៤លើកបង្កឱ្យជនរងគ្រោះរងរបួសត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបចាប់ខ្លួន។
ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សាទៅលើជនរងគ្រោះ។ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើឆក់សម្រេចបានលទ្ធផលជាបន្តបន្ទាប់មកនេះត្រូវគេមើលឃើញថាកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបទៅលើជនសង្ស័យដែលធ្វើ សកម្មភាពអំពើឆក់ឱ្យមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋនិងភ្ញៀវទេសចរ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បទល្មើសឆក់នេះជាបញ្ហាប្រឈមធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចកន្លងមកបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះរហូតបាត់បង់អាយុជីវិត។ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញនេះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីអធិការដ្ឋាននគរបាលខណ្ឌដូនពេញកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅនេះ ក៏បានជម្រុញឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញបង្កើនការទប់ស្កាត់បទល្មេីសនិងបង្រ្កាបល្មើសព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។គ្រាដែលរបាយការណ៍បង្ហាញឱ្យដឹងថារយ:ពេល០៩ខែ ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌកើតឡើង ៥០១លើកលើ៦២៦លើកប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌថយចុះ១២៥លើក និងចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យសម្រេចលទ្ធផល៤៤៣ករណីស្មើនឹងជាង៨៨ភាគរយ ឃាត់ខ្លួនជនសង្ស័យ៦៨៧នាក់។ដោយឡែកបទល្មើសឆក់បង្រ្កាបបាន១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៣៩នាក់ ដែលធ្វើឱ្យបទល្មើសឆក់បានថយចុះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាជនសង្ស័យដែលរងការបង្រ្កាបចាប់ខ្លួនមានឈ្មោះ ឃាង វណ្ណ: ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ រស់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរងការបង្រ្កាបកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះស្ថិតនៅចំណុចផ្លូវបេងតុង បុរីហុកឆេង នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យរូបនេះបានឆក់ទ្រព្យសម្បត្តិជនរងគ្រោះបង្កឱ្យរងបួស លើកទី១ ធ្វើសកម្មភាពឆក់ខ្សែកផ្លាទីនទម្ងន់៨ជី នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។លើកទី២ ធ្វើសកម្មភាពនៅក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ អស់ខ្សែកផ្លាទីនទម្ងន់៨ជី។លើកទី៣ ធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង បាត់បង់ទូរស័ព្ទដៃអាយហ្វូនអ៊ិចអេស១១ប្រូចំនួន០១គ្រឿង ប្រាក់អាមេរិកចំនួន១៥០០ដុល្លារ និងលើកទី៤ ធ្វើសកម្មភាពឆក់ខ្សែកមាសរបស់មន្រ្តីយោធាម្នាក់អស់ចំនួន ៤តម្លឹង៥ជីនៅចំណុចភូមិ៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ជាមួយនឹងការចាប់ខ្លួនជនសង្ស័យកម្លាំងនគរបាលការិយាល័យជំនាញដកហូតវត្ថុតាងម៉ូតូ០១គ្រឿងរបស់ជនសង្ស័យដែលបានជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដើម្បីយកទៅអនុវត្តតាមនីតិវិធីហើយកម្លាំងនគរបាលការិយាល័យជំនាញបន្តស្រាវជ្រាវស្វែងបង្រ្កាបបក្ខពួកជនសង្ស័យមួយចំនួនទៀតផងដែរ ៕

 

មតិយោបល់