កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចភូមិអង្គរទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់ គឺ៖
១-ឈ្មោះ ពាម ញឹប ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
២-ឈ្មោះ វេង ណារី ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់ភូមិអង្គរទី២ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
៣-ឈ្មោះ គ្រុយ ឡៃស៊្រីម ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
និងដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ព្ទដៃចំនួន០៣គ្រឿង
២-ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន០៣សន្លឹក
៣-កាបូបចំនួន០២
៤-ប្រាក់រៀលចំនួន១,៣០៥,៦០០រៀល
៥-ប្រាក់ដុល្លារចំនួន៨៣ដុល្លារ ។
ប្រភពព័ត៌មានបានអោយដឹងថាដោយ ឈ្មោះ វេង ណារី ទើបសំរាលកូនរួច គ្មានអ្នកមើលថែកូន និងឈ្មោះ គ្រុយ ឡៃស៊្រីម មានជម្ងឺខ្សោយបេះដូង និងជម្ងឺលើសឈាម ហេតុនេះ លោក សុធា ពិសិដ្ឋ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូង បានសម្រេចធ្វើការអប់រំ ជនទាំង០២នាក់នេះនៅនឹងប៉ុស្តិ៍រដ្ឋបាល រួចអោយត្រឡប់ទៅលំនៅដ្ឋានវិញ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ពាម ញឹប រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕
មតិយោបល់