ព័ត៌មានជាតិ

ក្រុមចោរលួចគោអ្នកស្រុកជាច្រើនខេត្ត ត្រូវអស់លក្ខណ៍ មកជាប់អន្ទាក់សមត្ថកិច្ច ខេត្តបាត់ដំបង

បាត់ដំបង: ក្នុងខណ:ដែលអ្នកស្រុក អ្នកភូមិកំពុងខ្វល់ខ្វាយរឿងជំនន់ទឹកភ្លៀងលិចលង់ស្ទើរពេញស្រុក មានក្រុមចោរលួចគោមួយក្រុមបានធ្វើដំណើរឆ្លងខេត្ត មកលួចគោរបស់ប្រជាពលរដ្ឋ នៅភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ជាក់ស្តែងកាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រុមចោរមួយក្រុម បានចេញធ្វើសកម្មភាព ដោយមានរថយន្តធុនធំ មួយគ្រឿង និងម៉ូតូផងជាមធ្យោបាយ លួចយកគោចំនួន០២ក្បាល ដែលជារបស់ប្រជាពលរដ្ឋឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងពេលដែលគោរបស់គាត់ដាក់នៅក្នុងក្រោលក្បែរផ្ទះ ។

ទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកអធិការនគរបាល ស្រុកបានណន់ ធ្វើសកម្មភាព ស្រាវជ្រាវជាបន្ទាន់លើករណីនេះ ក្នុងនោះលោក ឧត្តមសេនីយ៍ត្រី សុ វណ្ណគឹមហាក់ ស្នង ការរងទទួលដឹកនាំអធិការដ្ឋាន នគរបាលស្រុកបាណន់ និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញ បានជំរុញដឹកនាំស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ០៥នាទី សមត្ថកិច្ចសម្រេចឃាត់ខ្លួនបាន ជនស័ង្សយម្នាក់ឈ្មោះ ជឹម ធឿត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធ្វើ ការស្រាវជ្រាវ បន្ទាប់ពីជនសង័្សយរូបនេះ ដឹក គោយកទៅលក់បន្តនៅក្រៅខេត្តបាត់ដំបង ដែលករណីនេះបានទទួលបានការសម្រប សម្រួលលើនីតិវិធីពីលោកគឺ វណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយឈ្មោះ ជឹម ធឿត បានឆ្លើយសារភាពថា ខ្លួនរួមគ្នាជាមួយបក្ខពួកចំនួន០៣នាក់ផ្សេងទៀត ដែលមានទីលំនៅក្រៅខេត្តបាត់ដំបង បានរួមគំនិតគ្នា ធ្វើសកម្មភាពលួចគោអ្នកស្រុក នៅភូមិសាស្រ្តស្រុកបាណន់ ដោយមានរថយន្តធំមួយគ្រឿង និងម៉ូតូផងជាមធ្យោបាយសម្រាប់ដឹក នៅពេលលួចបាន ជាក់ស្តែងក្នុងថ្ងៃកើតហេតុ នេះខ្លួននិងបក្ខពួកបានលួចយកគោមេចំនួន០២ក្បាល ក្នុងភូមិហើយដឹកយកទៅលក់នៅក្រៅខេត្តបាត់ដំបង ។ ជនសង័្សយបានបន្តឆ្លើយសារភាពទៀតថា ខ្លួននិងបក្ខពួកធ្លាប់ដើរធ្វើសកម្ម ភាពលួចគោនៅច្រើនខេត្តទៀត ដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។ល។

គោចំនួន០២ក្បាលនេះជនសង័្សយដឹកយកទៅ លក់បន្តរហូតដល់ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចនគរបាលសហការស្រាវជ្រាវ ដកហូតយកមកប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយ និងវត្ថុតាងផ្សេងទៀត សមត្ថកិច្ចនគរបាលបាន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕

មតិយោបល់