ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចកាបូបស្ពាយស្រ្តីម្នាក់

តាកែវៈ នៅថ្ងៃអង្គារ​ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយអនុវត្តន៍តាមបទបញ្ជា យ៉ាងម៉ឹងម៉ាត់ និងការណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ, លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍រំចាក បង្រ្កាបមុខសញ្ញានៅត្រង់ចំណុច ភូមិព្រៃកប្បាស’ក’ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ សាន ផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិព្រៃកប្បាស’ក’ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ២/ឈ្មោះ យុន សៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំជាមួយគ្នា រួមនឹងវត្ថុតាង ម៉ូតូ០១គ្រឿង។

ជនសង្ស័យខាងលើពាក់ព័ន្ធនិងករណី (លួចកាបូបលុយ) កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង៤៣នាទី ស្ថិតនៅភូមិក្រសាំង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកគុបមូល ពណ៌ទឹកប្រាក់ កាំបន្ទះ គ្មានកន្ទុយបានធ្វើសកម្មភាពលួចយកកាបូបលុយ (កាបូបស្ពាយ) ជនរងគ្រោះឈ្មោះ ប៉ៃ សូលាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអ្នកលក់ពូក រស់នៅភូមិក្រសាំង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខណៈដែលគាត់បានយកកាបូបស្ពាយ ដែលមានលុយប្រហែល ពីរលានរៀល ទុកនៅរោងអង្គុយលេង ខាងមុខផ្ទះម្តាយបង្កើតជាប់ផ្ទះរបស់គាត់ ហើយគាត់ចូលទៅធ្វើម្ហូប នៅក្នុងផ្ទះជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាងសមត្ថកិច្ចបានយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់