ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា ដោយស្ថានភាពភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កឲ្យមានជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត និងភាគខាងលិចរាជធានីភ្នំពេញ ជាហេតុបង្កឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកកស្ទះចរាចរ និងគ្រោះថ្នាក់ជាយថាហេតុ ។
ក្នុងគោលបំណងថែរក្សា ការពារផ្លូវថ្នល់ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខណ្ឌកំបូល សូមផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរឆ្លងកាត់របស់រថយន្តដឹកទំនិញធុនធំ រថយន្តកុងទឺន័រ រថយន្តបែនដឹកដី …និងរថយន្តធុនធំដទៃទៀត ឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ព្រំប្រទល់ឃុំបែកចាន និងកំណាត់ផ្លូវជាតិលេខ៤២ ព្រំប្រទល់ឃុំបែកចាន ស្រុកអង្គស្នួល និងសង្កាត់កំបូល ខណ្ឌកំបូល ព្រមទាំងផ្លូវឆ្លងចូលភូមិសាស្ត្រខណ្ឌកំបូលកាត់តាមសង្កាត់ឪឡោក និងសង្កាត់ស្នោរផងដែរ ។
ម្ចាស់រថយន្តដឹកធុនធ្ងន់ទាំងអស់ អាចបង្វែរទិសចរាចរណ៍របស់ខ្លួន នៅផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុបផ្សារបែកចាន ឃុំបែកចាន តាមផ្លូវលខ៤២ ឆ្ពោះទៅផ្លូវជាតិលេខ៣ ឬតាមផ្លូវលេខ៥១ ទៅផ្លូវជាតិលេខ៥ ជាជំនួសវិញ ។
អាស្រ័យហេតុនេះ សូមសាធារណៈជ្រាប និងចូលរួមអនុវត្តន៍ ដើម្បីផលប្រយោជន៍សាធារណៈ ៕
មតិយោបល់