ភ្នំពេញៈ កាលពីនាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចស្តុបផ្សារទួលទំពូង ផ្លូវបែកជាបួន លើផ្លូវ១៦៣ កែងផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងខូចខាតទាំងសងខាង។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្ត១គ្រឿង ម៉ាក LEXUS RX200t ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6696 បើកបរដោយប្ដី និងប្រពន្ធរួមដំណើរជាមួយ ធ្វើដំណើរពីត្បូងមកជើង តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងល្បឿនធម្មតា។
លុះមកដល់ចំណុចកើតហេតុ ភ្លើងស្តុបពណ៌បៃតង ក៏បន្តដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែមានបុរសស្ត្រី២នាក់ បើករថយន្តមួយគ្រឿងទៀត ម៉ាក LAND Cruiser ពាក់ផ្លាកលេខ ភ្នំពេញ 2I-8647 ពណ៌ខ្មៅ ធ្វើដំណើរពីកើតមកលិច តាមផ្លូវលេខ៤៣២ ក្នុងល្បឿនយ៉ាងលឿន មកបុកចំចំហៀងខាងស្ដាំរថយន្ត RX200t បណ្ដាលឲ្យខូចខាត រីឯរថយន្ត Land Cruiser ខូចខាតមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាព។
ហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សរងរបួសទ្បើយ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូងទី១ និងទួលទំពូងទី២ បានចុះមកពិនិត្យមើលផងដែរ៕
មតិយោបល់