ព័ត៌មានជាតិ

រដ្ឋបាល រាជធានី បានចំណាយថវិកា ជាង២លានដុល្លារអាមេរិក ក្នុងការទ្រទ្រង់លើសេវាដឹកជញ្ជូន

ភ្នំពេញៈ លោកប៉ា សុជាតិវង្ស បានឲ្យដឹងថា ក្នុង១ឆ្នាំ អាជ្ញាធររាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណជាង ២លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ សេវាដឹកជញ្ជូន តាមរយរថយន្ត ក្រុងសាធារណៈ ដោយបញ្ជាក់ថា ទឹកប្រាក់នេះ ត្រូវបានដោះស្រាយ លើបន្ទុកប្រាក់ឈ្នួល បុគ្គលិក អ្នកបើកបរ សេវាថែទាំ និងជួសជុលរថយន្តក្រុង ដែលមានសភាពចាស់ៗ ដោយគ្រាន់ថាថ្លៃជួសជុល យើងធ្វើជាលក្ខណៈម៉ៅការតែម្តង ដោយក្នុងមួយគ្រឿង តំលៃ៨០០ ដុល្លារក្នុង១ខែ។

លោកប៉ា សុជាតិវង្ស បានឲ្យដឹងបែបនេះ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងជំនួបពិភាក្សា ការងារជាមួយ លោកគូម៉ា ម៉ារ៉ូ យូជិ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា លើគម្រោង អភិវឌ្ឍន៍និងគ្រប់គ្រង ចរាចរណ៍ នៅរាជធានីភ្នំពេញ ពិសេរសលើការដឹកជញ្ជូនសាធារណៈ។

ក្នុងឱកាសនោះលោកប៉ា សុជាតិវង្ស បានស្នើដល់រដ្ឋាភិបាល ប្រទេសជប៉ុន បន្លឿនលើការអភិវឌ្ឍន៍មធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលនឹងពង្រឹង សមត្ថភាព ដល់សេវាដឹកជញ្ជូន តាមរយរថយន្តក្រុង នាពេលអនាគត ខណៈបច្ចុប្បន្ន ការកកស្ទះចរាចរណ៍ គឺជាកត្តាដ៏ប្រឈម។

រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ជំនួយឥតសំណង ជារថយន្ត ក្រុសរុប១៤០គ្រឿង ដល់រាជធានីភ្នំពេញ ដើម្បីពង្រីកខ្សែ ដឹកជញ្ជូន ចំនួន១០ខ្សែ បន្ថែមពីលើខ្សែរត់បច្ចុប្បន្ន។

ការផ្តល់រថយន្តក្រុងទាំងនោះ ត្រូវធ្វើជា២ដំណាក់កាល ដោយដំណាក់ទី១ មានចំនួន៨០គ្រឿង ដែលនឹងមកដល់នៅចុងឆ្នាំ២០១៧ និងនៅ ដើមឆ្នាំ២០១៨។ ចំណែកនៅសល់ចំនួន៦០គ្រឿង នឹងមកដល់ក្នុង ដំណាក់កាលទី២ នៅឆ្នាំ២០២០។

លោកប៉ា សុជាតិវង្ស មានប្រសាសន៍ថា «យើងស្វាគមន៍ រាល់គ្រប់ជំនួយទាំងអស់ ដោយមិនគិតពីនិន្នាការ នយោបាយ សម្រាប់អភិវឌ្ឍន៍ ប្រព័ន្ធចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ»។

បើតាមរបាយការណ៍ របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុង១ថ្ងៃ មានអ្នកទទួលសេវា រថយន្តក្រុងសាធារណៈ ចន្លោះពី៦.៥០០ទៅ៧.០០០នាក់ ប៉ុន្តែភាគច្រើនអ្នកទាំងនោះ ជាសិស្សសាលា ចាស់ជរា ជនពិការ និងព្រះសង្ឃ ដែលមិនតម្រូវឲ្យបង់ថ្លៃ។

លោកគូម៉ា ម៉ារ៉ូ យូជិ ឯកអគ្គរដ្ឋទូតជប៉ុន បានជំរុញឲ្យអាជ្ញាធរ រាជធានីភ្នំពេញ រកទីចំណតរថយន្ត ក្រុងឲ្យបានធំទូ លាយ ដើម្បីដាក់រថយន្តក្រុងជំនួយ ដែលនឹងត្រូវមកដល់ភ្នំពេញ នាពេលខាងមុខជាបន្តបន្ទាប់តាម ផែនការ។ លោកបន្តថា«គម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) នឹងជួយពង្រឹងសមត្ថភាព សេវាដឹក ជញ្ជូនសាធារណៈ របស់រាជធានីភ្នំពេញ»។ លោកឯកអគ្គរដ្ឋទូត អះអាងថា គម្រោងរបស់JICA កំពុងសិក្សាលើតំបន់ខ្សែរត់ ដែលមានកម្មករ សិស្សនិស្សិត អ្នកធ្វើការ និងអាជីវករ ត្រូវធ្វើដំណើរច្រើន។

សព្វថ្ងៃនៅរាជធានីភ្នំពេញ មានសេវារថយន្ត ក្រុងសាធារណៈ ចំនួន៣ខ្សែ ដោយខ្សែរត់ទី១ចេញ ពីម្តុំឫស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្ត ក្តីតាកុយ តាមផ្លូវជាតិលេខ១។ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ។ រថយន្តក្រុង ទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយចំណត រង់ចាំ១៦៨កន្លែង។

ប្រទេសចិន ក៏ធ្លាប់បានសន្យា ផ្តល់ជំនួយរថយន្តក្រុង ចំនួន១០០គ្រឿង ដើម្បីពង្រីកសេវាដឹកជញ្ជូន សាធារណៈ នៅភ្នំពេញ ខណៈបច្ចុប្បន្នប្រពន្ធ័ដឹកជញ្ជូន សាធារណៈនៅរាជធានីមួយនេះ មិនទាន់មានលក្ខណប្រសើរ ដោយសារ ប្រជាពលរដ្ឋ មិនទាន់ប្តូរឥរិយាបទ ពីការប្រើមធ្យោបាយ ធ្វើដំណើរឯកជន មកធ្វើដំណើរ តាមប្រព័ន្ធ ដឹកជញ្ជូនរួម៕

photo_2016-08-09_14-26-07 photo_2016-08-09_14-26-10 photo_2016-08-09_14-26-13 photo_2016-08-09_14-26-18 photo_2016-08-09_14-26-20 photo_2016-08-09_14-26-24

មតិយោបល់