ព័ត៌មានសុខភាព

៦ចំណុចបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងតែលើសជាតិស្ករ

មនុស្សជាច្រើនណាស់ដែលចូលចិត្តទទួលទានរបស់ផ្អែម មិនថា នំ, ភេសជ្ជ:ប៉ូវកម្លាំង ឬបង្អែមផ្សេងៗនោះទេ។ ប៉ុន្តែ តើអ្នកដឹងទេថា របស់ទាំងនោះមានផ្ទុកបរិមាណជាតិស្ករច្រើន? ហេតុនេះហើយ អ្នកគួរទទួលទានឲ្យមានដែនកំណត់ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

ជាពិសេស ប្រសិនបើអ្នកឃើញសញ្ញាព្រមានទាំង ៦ចំណុចនេះ គួរតែកាត់បន្ថយការទទួលទានជាតិផ្អែមភ្លាម។

១. ហេវហត់ និងអស់កម្លាំង
នេះជាសញ្ញាដ៏ធំបំផុត ដែលប្រាប់ថា រាងកាយរបស់អ្នកមានផ្ទុកជាតិស្ករលើសកំណត់។ បើទោះបីជាមានការទទួលទានចំណីអាហារដែលផ្តល់ថាមពលភ្លាមៗក៏ដោយ ប៉ុន្តែមិនយូរប៉ុន្មាន ថាមពលនឹងត្រូវធ្លាក់ចុះទៅវិញ។

២. ឃ្លានរបស់ផ្អែម
ប្រសិនបើអ្នកមានអារម្មណ៍ចេះតែចង់របស់ជាតិផ្អែម នោះបញ្ជាក់ថា អ្នកញៀននឹងវាហើយ។ ហេតុនេះ អ្នកគួរតែកាត់បន្ថយដើម្បីសង្គ្រោះខ្លួនពីការញៀននឹងជាតិស្ករ។

៣. គ្រុនផ្កាសាយជាញឹកញាប់
ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺដោយសារតែជំងឺផ្កាសាយជាញឹកញាប់ អ្នកគួរតែដឹងខ្លួនហើយ។ ការទទួលទានជាតិស្ករច្រើនពេក អាចបណ្តោលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបន្តិចម្តងៗ ដែលធ្វើឲ្យអ្នកងាយនឹងមានជំងឺ។

៤. ចូលចិត្តអាហារផ្អែមខ្លាំង
ពេលញ៉ាំអាហារ ទាល់តែមានជាតិផ្អែមខ្លាំងទើបឆ្ងាញ់ត្រូវមាត់មែនទេ? នេះជាទម្លាប់មួយ ដែលបណ្តោលឲ្យជាតិស្ករក្នុងខ្លួនរបស់អ្នកកើតឡើងកាន់តែខ្លាំង។

៥. បញ្ហាស្បែក និងជើង
ការប្រើប្រាស់ជាតិស្ករកម្រិតខ្ពស់ អាចបង្កឲ្យមានបញ្ហារលាកស្បែក។ ការឡើងមុន, ជំងឺស្បែកផ្សេងៗ សូម្បីតែជាស្បែកខ្លាញ់ ឬស្បែកស្ងួតក៏អាចបណ្តោលមកពីការកើនឡើងនៃកម្រិតជាតិស្ករដែរ។

៦. លើសទម្ងន់

ជាតិស្ករច្រើនហួសហេតុពេកធ្វើឲ្យលើសកាឡូរី ហើយដោយសារតែអវត្តមានជាតិសរសៃ ឬប្រូតេអ៊ីន ធ្វើឲ្យអ្នកមិនអាចបំពេញភាពឆ្អែតបាន។ ដូច្នេះហើយ អ្នកត្រូវការបរិភោគអាហារកាន់តែច្រើនបន្ថែមទៀត ហើយនៅទីបំផុតអ្នកនឹងកើតជំងឺទឹកនោមផ្អែម៕

much-sugar

មតិយោបល់