ព័ត៌មានជាតិ

ករណីផ្ទុះអាវុធតាមដងផ្លូវជាតិលេខ៦ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួស

សៀមរាប: នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ២និង៥០នាទីទៀបភ្លឺ មានករណីផ្ទុះអាវុធ នៅចំណុចសាលាបឋមសិក្សាសាមគ្គី តាមដងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ក្រោយពីទទួលសេចក្ដីរាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រណាល ភ្លាមៗនោះលោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។ ហើយជនរងគ្រោះមានស្លាកស្នាមរបួស(គ្រាប់កាំភ្លើង)ត្រង់ដើមដោះខាងឆ្វេង ហើយជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមក សង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកក្រឡាញ់ រួចបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។

ចំពោះជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពរួចបានគេចខ្លួន ពីកន្លែងកើតហេតុ ដោយបើករថយន្ត ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ….៨៧៨៧ និងកូនស្រី ម្នាក់ទៅជាមួយ។

នៅកន្លែងកើតហេតុកម្លាំងជំនាញបានប្រទះឃើញអាវុធខ្លី K59 ចំនួន ០១ដើម លេខ ៣៧៦៣ នៅចម្រាស់ខាងត្បូងផ្លូវជាតិលេខ៦ ។

ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះ បានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ ចាន់ ផល ហៅ ពៅ អាយុ ៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងនោះជនរងគ្រោះ និងជនសង្ស័យ រស់នៅជាមួយគ្នា ព្រមទាំងមានកូនស្រីម្នាក់ អាយុ ០៩ខែ។

ករណីរឿងនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់