ព័ត៌មានជាតិ

រថយន្តហាយឡេនឌ័រ បើកលឿនបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តហាយឡេនឌ័រ មួយគ្រឿង បើកបរនិងរួមដំណើរដោយបុរស២នាក់ បើកលឿនដូចហោះ ដល់ផ្លូវកោងមិនបន្ថយល្បឿន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក និងខឿនសួនច្បារពុះចែកទ្រូង បណ្តាលឲ្យរថយន្តហោះក្រឡាប់ជាច្រើនជុំ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ មិនមានរងរបួសឡើយ ។

ដែលហេតុការណ៍នេះ ដែលបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលា១០និង៥០នាទីយប់ថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវR8 កែង និងផ្លូវ R5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាក TOYOTAHIGHLANDER ពណ៌ស ស៊េរីឆ្នាំ2008​ ពាក់ផ្លាកលេខភ្នំពេញ 2AF-6681 បើកបរនិងរួមដំណើរដោយបុរសពីរនាក់។

យោងតាមប្រភពព័ត៌មានពីសន្តិសុខ យាមនៅគោលដៅជិតកន្លែងកើតហេតុ ដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺពួកគាត់បានឃើញរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវលេខR8 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោងខ្លាំង ហើយរថយន្ដបង្ក បើកលឿនមិនបន្ថយល្បឿន និងបួងចង្កូតមិនទាន់ក៏ជ្រុលបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន៨កង់ រងការខូចខាត ចំណែករថយន្តបង្កវិញហោះក្រឡាប់ជាច្រើនជុំ និងផ្ងារមកវិញនៅចំហៀងផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងដំណំ កំពិតតួរថយន្តស្ទើរតែស្រុង ផ្ទុះពោងសុវត្ថិភាពទាំងអស់​។​​ បន្ទាប់ពីបង្កហេតុគេឃើញមានបុរសវ័យក្មេង២នាក់ បើកទ្វាររថយន្តចេញពីរថយន្តបង្កខាងលើនោះ តែមិនមានរងរបួសអ្វីដល់រាងកាយឡើយ គ្រាន់វិលមុខតិចៗប៉ុណ្ណោះ។

ក្រោយកើតហេតុ ដោយរថយន្តបង្កមិនបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផ្សេងទៀត គឺគ្រាន់តែខូចខាតខឿនផ្លូវរបស់ក្រុមហ៊ុនបឹងកក់តែប៉ុណ្ណោះ ទើបម្ចាស់រថយន្តសុំចចារបញ្ចប់រឿង ដោយខាងក្រុមហ៊ុនទារសំណងមួយខឿនមួយកង់៥០ដុល្លារ៕

មតិយោបល់