ភ្នំពេញៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន ៖ លោកនាយករងរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ នគរបាល និងសណ្ដាប់ធ្នាប់សាលាខណ្ឌ ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ លេងបៀរ មួយកន្លែង ស្ថិតនៅក្រុមទី៦ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចូលបង្ក្រាបទីតាំងនោះភ្លាមៗ ខណៈដែល មនុស្សមួយចំនួន សុទ្ធសឹងតែជាស្ត្រីកំពុងតែអង្គុយលេងបៀរ យ៉ាងអនាធិបតេយ្យ ដោយឥតខ្លាចញញើតដល់អាជ្ញាធរមូលដ្ឋានឡើយ ក៏ប៉ុន្តែ កម្លាំងគណៈបញ្ជាឯកភាព បានឃាត់ខ្លួនស្ត្រីជាអ្នកលេងបៀរ ចំនួន០៣នាក់ និងបានធ្វើកិច្ចសន្យា អប់រំណែនាំ ពួកគាត់ កុំឲ្យប្រព្រឹត្តនូវអំពើខុសច្បាប់ដូចច្នេះទៀត។ ដោយឡែក ម៉ូតូរបស់អ្នកលេងបៀរ ចំនួន០២គ្រឿង និងសម្ភារៈ(សន្លឹកបៀរ និងលុយភ្នាល់មួយចំនួន) ត្រូវបាន កម្លាំង ធ្វើការដកហូត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ជាបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕
មតិយោបល់