ព័ត៌មានជាតិ

សិស្សសាលាស្រីម្នាក់ បងបង្រៀនអក្សរនៅផ្ទះ ស្តីបន្ទោសរឿងរៀនមិនចេះ ស្រាប់តែរត់ទៅចងកសម្លាប់ខ្លួន

កណ្តាលៈ នៅថ្ងៃអាទិត្យ១០កើតខែ កត្តិក ឆ្នាំជូត​​ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២១និង១០នាទី​​ មានករណីក្មេងស្រី សិស្សសាលាម្នាក់ ចងកធ្វើអត្តឃាត់ នៅចំណុច ភូមិ-ឃុំឈើទាល២ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ូច វិជ្ជនី ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិ-ឃុំកើតហេតុ។

វត្ថុតាងចាប់យក៖ ក្រមា ពណ៌ក្រឡាការ៉ូ ស ខ្មៅ ប្រវែង ១.៥០ ម៉ែត្រ។

សភាពរឿងហេតុ៖ ​តាមការបំភ្លឺ របស់ឈ្មោះ សួន ណារី ភេទស្រី អាយុ៤០ឆ្នាំ ដែលត្រូវជាម្តាយ របស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ តែងតែរៀននៅផ្ទះជាមួយ បងស្រីម្នាក់ទៀតឈ្មោះ ប៉ូច វជ្ជរ៉ា ភេទស្រី អាយុ១៤ឆ្នាំ (កូនភ្លោះជាមួយជនរងគ្រោះ) ដោយមានបងស្រីឈ្មោះ ប៉ូច រស្មី ភេទស្រី អាយុ២៥ឆ្នាំ ត្រូវជាបងស្រីបង្កើតជនរងគ្រោះ បានបង្រៀនអក្សរខ្មែរ ដល់ប្អូនៗរាល់ថ្ងៃ ពេលចេញពីធ្វើការរោងចក្រ រៀងរាល់ម៉ោង ១៨និង០០នាទី ជារៀងរាល់ថ្ងៃ ។
លុះថ្ងៃកើតហេតុ ឈ្មោះ ប៉ូច រស្មី បានបង្រៀនប្អូនៗជាធម្មតា ដូចរាល់ថ្ងៃ តែដោយសារជនរងគ្រោះ រៀនមិនចេះ ឈ្មោះ ប៉ូច រស្មី ក៏បានស្តីបន្ទោសឲ្យប្អូនថា (បើង៉ែងរៀនអត់ចេះអនាគតង៉ែងគិតម៉េច) ពេលថាឲ្យហើយ ជនរងគ្រោះក៏តូចចិត្តខ្លួនឯង ហើយយំ (ទម្លាប់មានគេស្តីឲ្យគឺយំ) បន្ទាប់មកជនរងគ្រោះក៏ដើរទៅក្រោយ ផ្ទះ បាត់ទៅ ហើយដោយអ្នកផ្ទះគិតថា ជនរងគ្រោះ ដើរទៅលេង ផ្ទះមីង ដូចរាល់ដង ទើបមិនចាប់អារម្មណ៍។ ដោយបាត់ជនរងគ្រោះយូរពេក អ្នកផ្ទះ ក៏នាំគ្នាដើររកជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ ចងក ជាមួយក្រមា នៅទ្រុងមាន់ភ្លាមនោះបងប្អូន ក៏បាននាំគ្នាលើកជនរងគ្រោះ មកដាក់លើគ្រែនៅផ្ទះ តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។

ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងក សម្លាប់ខ្លួន ពិតប្រាកដមែន ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់