នៅក្នុងសញ្ញានៃការកើនឡើងនៃភាពភ័យខ្លាច និងអស់សង្ឃឹមនៅក្នុងប្រទេសហៃទី ប្រជាជនជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង ផត – អូ – ប្រាំង (Port-au-Prince)។
មនុស្សប្រមាណ ១ពាន់នាក់បានប្រមូលផ្តុំគ្នានៅជុំវិញអគារនោះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមតាមវិទ្យុ និងបណ្ដាញសង្គមថា សហរដ្ឋអាមេរិកនឹងផ្តល់ទិដ្ឋាការមនុស្សធម៌។ ការធ្វើឃាតលើប្រធានាធិបតី លោក Jovenel Moise កាលពីថ្ងៃពុធ បានប្រែក្លាយប្រទេសដែលកំពុងមានភាពវឹកវររួចទៅហើយ ទៅជាប្រទេសដែលកំពុងភ័យខ្លាច។ ហាងជាច្រើន ក៏ដូចជាការិយាល័យរដ្ឋាភិបាលមួយចំនួននៅតែបិទទ្វារ ទោះបីជានាយករដ្ឋមន្ត្រី លោក Claude Joseph បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ និងត្រលប់ទៅរកអាជីវកម្មវិញ។
ការវាយប្រហារដ៏កក្រើកទាំងកណ្ដាលអធ្រាត្រ នៅលំនៅដ្ឋានរបស់ប្រធានាធិបតីដែលបណ្ដាលឱ្យលោក Jovenel Moise បាត់បង់ជីវិត និងស្ត្រីទីមួយរងរបួសធ្ងន់ ធ្វើឲ្យប្រជាជនហៃទីបង្ហាញអារម្មណ៍នៃភាពអសន្តិសុខនៅក្នុងប្រទេស។
ប៉ុន្មានសប្ដាហ៍មុនការធ្វើឃាត អាជ្ញាធរបានប៉ាន់ស្មានថា ៦០% នៃប្រទេសនេះទទួលរងនូវអំពើហិង្សាពីក្រុមទំនើង ដែលរួមមានទាំងការចាប់រំលោភ ឃាតកម្ម និងការចាប់ជំរិត។ ប្រដាប់ដោយអាវុធដែលមានសមត្ថភាពខ្ពស់ សមាជិកក្រុមក្មេងទំនើងបានធ្វើដំណើរតាមដងផ្លូវ ក្នុងរដ្ឋធានីដោយគ្មាននិទ្ទណ្ឌភាព៕
មតិយោបល់