ព័ត៌មានជាតិ

រថយន្ត RangeRover តៃកុងស្រវឹងស្រា បើកលឿនបុកគូទរថយន្ត lexusRX300 ខ្ទាតទៅប៉ះរថយន្ដ ស៊ាំយ៉ុង រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់បើករថយន្ត RangeRover ស៊េរីទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹងទៅបុករថយន្ត lexusRX300 ពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំ ហើយរថយន្ដ LexusRX300 នោះខ្ទាតទៅប៉ះ និងរថយន្តស៊ាំយ៉ុងពីក្រោយបន្ថែមទៀត បណ្តាលឲ្យរងការខូចខាតតិចតួច។

ហេតុការណ៍នេះ ដែលបានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ182 កែងនិងផ្លូវលេខ265 ចំណុចស្តុបផ្សារសំណង់១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះ lexusRX300 ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BI-0324បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរថយន្តគាត់កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ182 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយឺតល្មម មកដល់ចំណុចកើតហេតុ ក៏បន្ថយល្បឿនឈប់ នៅពីក្រោយរថយន្ដ រថយន្ដរងគ្រោះមួយគ្រឿងទៀត ម៉ាកស៊ាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2BG-6852 រង់ចាំភ្លើងស្តុបបញ្ជាចរាចរណ៍លោត ខណៈនោះក៏មានរថយន្ដបង្កម៉ាក RangeRover ពណ៌សពាក់ផ្លាកភ្នំពេញ 2BK-8387 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រឿងៗ ធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿន មកបុកពីក្រោយរថយន្តគាត់ ពេញទំហឹង បណ្តាលកំពិតទ្វារក្រោយ និងកាងក្រោយរងការខូចខាតយ៉ាងដំណុំ ។

ប្រភពដដែលបានបន្តទៀតថាភ្លាមៗ រថយន្តក៏រអិលទៅមុខបុកគូទរថយន្តស៊ាំយ៉ុងមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតតិចតួចបន្ថែមទៀត ចំណែករថយន្តរថយន្តបង្កខូចខាតតិចតួចផ្នែកខាងមុខដូចគ្នា ។ នៅក្នុងហេតុការណ៍នេះដែលមិនបង្កឲ្យនណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ព្រមទទួលស្គាល់កំហុស និងបានសងការខូចខាតទៅរថយន្តទាំងពីរគ្រឿងនោះ ដើម្បីបញ្ចប់រឿងដោយសងការខូចខាត ទៅរថយន្តស៊ាំយ៉ុងជាទឹកប្រាក់ចំនួន20ដុល្លារ ចំណែករថយន្ត lexusRX300 វិញគឺខាងរថយន្តបង្កទៅជួសជុលសង ឲ្យដូចដើមវិញ៕

មតិយោបល់