កំពង់ឆ្នាំងៈ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំដឹកទំនិញ និងម៉ូតូ ក្នុងដំណើរច្រាសទិសគ្នា ពីទិសត្បូងទៅជើង នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុង ចន្លោះបង្គោលគីឡូម៉ែត្រ(៨៧-៨៨) ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ នួន ស្រីហៀង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងខូចម៉ូតូ ០១គ្រឿង រថយន្ត ០១គ្រឿង រីឯអ្នកបើកបរ បានទុករថយន្តចោល រត់គេចខ្លួនក្រោយពេលកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់