ព័ត៌មានជាតិ

គ្រូពេទ្យវះកាត់ គ្មានវិជ្ជាជីវៈម្នាក់ ធ្វើឲ្យ មា្តយនិងកូន ២នាក់ ប្រឈមក្នុងការបាត់បង់ជីវិត

ប៉ោយប៉ែត:លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានធ្វើលិខិតព្រមានមួយ ដល់លោកវេជ្ជបណ្ឌិត ឡី ជឹង បំរើការងារនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្រុកប្រតិបត្តិប៉ោយប៉ែត មានភារកិច្ច ផ្នែកវះកាត់ និងជាម្ចាស់គ្លីនិឯកជនយីហោ មន្ទីរសំរាកព្យាបាលឡី ជឹង មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់ក្រុងប៉ោយប៉ែត ចំនួនបីចំនុចសំខាន់ៗគឺ៖

១.មិនអនុវត្ត ឲ្យបានភ្ជាប់ផ្ជួនត្រឹមត្រូវ ស្របតាមសិទ្ឋិ ការតព្វកិច្ច ជាអ្នកផ្តល់សេវា និងសិទ្ឋិជាអ្នកទទួលសេវា ។
២.មិនគោរពនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៍ និងមនសិកាវិជ្ជាជីវះរបស់គ្រូពេទ្យ ។
៣.ការធ្វើឲ្យយឺតយ៉ាវ ដល់ការសង្គ្រោះបន្ទាន់ផ្នែកវះកាត់ ក្នុងការវះកាត់យកកូន ដែលប្រឈមនិងគ្រោះថ្នាក់ ខ្ពស់ដល់អាយុជីវិត ម្តាយនិងកូន ឈ្មោះអូ ស្រីថៃ អាយុ២២ឆ្នាំ ដែលចូលសំរាកព្យាបាលកាលពីថ្ងៃទី១០ ខែមករា កន្លងទៅ ។

លិខិតព្រមានរបស់លោកប្រធានមន្ទីរបានបញ្ជាក់យ៉ាងច្បាស់ថាទៀតថា ៖ អំណឹះតទៅ សាម៉ីខ្លីខ្លួនត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ជូនឲ្យបានល្អប្រសើរឡើងវិញ ។

តាមប្រភពព៌ត័មានពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកជម្ងឺ មួយចំនួននៅក្រុងប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា លោកឡី ជឹង ជាគ្រូពេទ្យបង្អែក និងជាម្ចាស់គ្លីនិកឯកជន ដែលមានយីហោ មន្ទីរសំរាកព្យាលឡី ជឹង មានអាស័យដ្ឋានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត មានចរិកក្រអើតក្រទម គ្មានក្រមសីលធម៌ និងវិជ្ជាជីវះ ជាគ្រូពេទ្យ ឡើយ ។ ម្យ៉ាងទៀតប្រសិនបើមានអ្នកជម្ងឺណាម្នាក់ដែលមានសភាព ក្រីក្រ និងអាការះស្រែកថ្នូរខ្លាំង ចូលទៅសំរាក នៅក្នុងមន្ទីរពេទ្យបង្អែក ក៏ដូចជានៅក្នុងគ្លីនិកឯកជនផ្ទាល់របស់លោកនោះ គឺលោកមិនសូវយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះ ដល់អ្នកជម្ងឺនោះឡើយ។

ជុំវិញបញ្ហាពាក់ព័ន្ធនិងការព្រមាននេះដែរលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យបានឲ្យដឹងកាលពីរសៀលថ្ងៃទី៦ឧសភានេះទៀតថាការព្រមានរបស់លោកធ្វើឡើងតាមក្រុមគណះកម្មការវិន័យហើយបើគាត់នៅតែប្រព្រឹត្តខុសទៀតក្នុងការងារជាគ្រូពេទ្យរដ្ឋនិងត្រូវលុបឈ្មោះចោលដោយឡែករឿងការងារឯកជនដែលមានមន្ទីរសំរាកព្យាបាល បើគាត់ប្រព្រឹត្តខុសគឺជារឿងផ្លូវច្បាប់ជាអ្នកដាក់ទោស៕

photo_2016-05-06_21-16-29 photo_2016-05-06_21-16-23 photo_2016-05-06_21-16-35

មតិយោបល់