ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពីបទលួចម៉ូតូ ស៊ីអូ ហត្ថាកសិករឃុំឈើតុំម្នាក់

ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង ៧និង ៣០នាទីព្រឹក ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបង្រ្កាបនិងឃាត់ខ្លួនពីបទលួចម៉ូតូគេ ម៉ាកសេ១២៥ ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ១J-៥៨៤៣ នៅចំណុចភ្នំប្រិយ៍ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បានចេញអន្តរាគមន៍ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនៅចំណុចអូររ៉ុង ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ឈ្មោះ ប៊ុន សៀងហាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីអូ (ហត្ថាកសិករឃុំឈើតុំ) មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាម្ចាស់ម៉ូតូ បានជិះម៉ូតូចេញពីផ្ទះមកចំណុចភ្នំប្រិយ៍ ដើម្បីមកជួបអតិថិជន ពេលកំពុងសម្ភាសន៍ជាមួយអតិថិជន ខណ:ពេលនោះ ជនសង្ស័យ ឈ្មោះ វី សាវីន​ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដង្កៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនដឹងមកពីខាងណា បានលួចម៉ូតូជិះ ចេញទៅទិសខាងត្បូង ពេលនោះឈ្មោះហាក់ដែលជាម្ចាស់ម៉ូតូ បានស្រែកឲ្យអ្នកជិតខាងជួយ ស្របពេលនោះមានរថយន្ដមួយគ្រឿងបានជួយដេញពីក្រោយហើយក៏ ចាប់បាននៅចំណុចកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួននិងឆែកឆេរលើខ្លួនជនសង្ស័យ ឃើញមានថ្នាំញៀន១កញ្ចប់តូច។ ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង ៤០នាទី ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់