ព័ត៌មានជាតិ

ចាប់ខ្លួនបានហើយ ជនសង្ស័យម្នាក់ យកស្នាប់ដៃដល់ក្បាលជនរងគ្រោះ បណ្តាលឲ្យបែកសន្លប់បាត់ស្មារតីពីម្សិលមិញ

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ បានយកស្នាប់ដៃដល់ជនរងគ្រោះចំក្បាល​ បណ្តាលឲ្យសន្លប់បាត់ស្មារតី ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។​ ចំណែកជនសង្ស័យឈ្មោះ សេង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ជនទាំងពីរនាក់ មានទីលំនៅភូមិ-សង្កាត់ខាងលើជាមួយគ្នា ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេងធម្មតា នៅត្រង់ចំណុចមាត់ស្រះមួយកន្លែង ស្រាប់តែជនសង្ស័យ បានដើរមកក្បែរ រួចធ្វើសកម្មភាពយកស្នាប់ដៃ ដាល់ជនរងគ្រោះត្រូវចំក្បាលនិងថ្គាម បណ្តាលឲ្យដួលសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិ យករទេះ ដឹកផ្លែឈើសណ្តោងម៉ូតូ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។​​ ចំណែកជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះរួចហើយ បានបោះស្នាប់ដៃចូលទៅក្នុងទឹកស្រះ រត់គេចខ្លួនបាត់។

ករណីខាងលើនេះ ជនរងគ្រោះត្រូវបានជនសង្ស័យចោទថា បានលួចស្រាបៀរចំនួន០២កំប៉ុង យកទៅផឹកអស់ ប៉ុន្តែត្រូវបានជនរងគ្រោះប្រាប់ថា មិនបានយកទេ ស្រាប់តែជនសង្ស័យខឹង យកស្នាប់ដៃវាយទៅលើជនរងគ្រោះបណ្តាលរងរបួសធ្ងន់ ត្រូវបានបងស្រីជីដូនមួយរបស់ជនរងគ្រោះ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លុះនៅវេលាម៉ោងប្រមាណ៨និង៥០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាំសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី ។ បន្ទាប់ពីសាកសួររួច ជនសង្ស័យឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានយកស្នាប់ដៃវាយក្បាល និងថ្គាមជនរងគ្រោះ បណ្តាលឲ្យរងរបួសសន្លប់បាត់ស្មារតីពិតប្រាកដមែន។ ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិធីផ្លូវច្បាប់៕

មតិយោបល់