នៅទីបំផុត ក្តីសង្ឃឹម និងការតស៊ូ ព្យាយាមអត់ធ្មត់របស់អ៊ីរ៉ង់ទទួលបានជោគជ័យដូចក្តីបំណង។ ដូចក្តីបំណង ព្រោះតាំងពីឆ្នាំ ២០០៥ មកម្ល៉េះដែលអ៊ីរ៉ង់ទទួលបានត្រឹមជាប្រទេសអ្នកសង្កេតការណ៍នៅក្នុងអង្គការនៃកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ OCS ប៉ុណ្ណោះ។ បន្ទាប់មកចាប់ពីឆ្នាំ ២០០៨ អ៊ីរ៉ង់បានសាកល្បងសុំចូលជាសមាជិកពេញសិទ្ធិ តែត្រូវបានប្រទេសសមាជិកជាច្រើនបដិសេធដោយពួកគេមិនចង់ទទួលយកប្រទេសមួយដែលកំពុងជាប់ទណ្ឌកម្មអាមេរិក និងអង្គការសហប្រជាជាតិនៅក្នុងសំណុំរឿងនុយក្លេអ៊ែរទេ។ បន្ទាប់មកទៀតក្នុងឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ អ៊ីរ៉ង់បានព្យាយាមជាថ្មី តែបានទទួលបរាជ័យម្តងទៀតដោយការបដិសេធរបស់ប្រទេសតាហ្ស៊ីគីស្ថាន។
គឺទើបក្នុងឆ្នាំ ២០២១ ដែល OCS ទទួលស្វាគមន៍អ៊ីរ៉ង់ដោយមានការជួយគាំទ្រពីសម្ព័ន្ធមិត្តចិន រុស្ស៊ី។ លោកហ្វាយ៉ា ហ្សាហ៊ីដ អ្នកជំនាញអ៊ីរ៉ង់បានមើលឃើញថា ការដែលរុស្ស៊ី និងចិនបានសម្រេចចិត្តឲ្យអ៊ីរ៉ង់ចូលជាសមាជិកពេញសិទ្ធិរបស់ OCS មកពីពួកគេយល់ថា ភាពចម្រូងចម្រាសជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងអាចដោះស្រាយបាន។ គួររម្លឹកថា OCS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយប្រទេសចិន រុស្ស៊ី និងប្រទេសអាស៊ីកណ្តាលចំនួន ៤ គឺកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាហ្ស៊ីគីស្ថាន។ បន្ទាប់មកក្នុងឆ្នាំ ២០១៧ អង្គការមួយនេះបានបន្ថែមសមាជិកថ្មីចំនួនពីរប្រទេសទៀត គឺឥណ្ឌា និងប៉ាគីស្ថាន។
ចំនួនប្រជាជនរបស់សមាជិកទាំង ៨ប្រទេសតំណាងឲ្យ ៥០% នៃចំនួនប្រជាជនសរុបក្នុងលោក និងតំណាងឲ្យជាង ២០% នៃផលិតផលសរុបក្នុងលោក។ ដូច្នេះ OCS ជាទីផ្សារដ៏មានសក្តានុពលធំធេងណាស់សម្រាប់អ៊ីរ៉ង់។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ចធំធេង អ៊ីរ៉ង់ក៏បានសម្លឹងឃើញលើផលប្រយោជន៍នយោបាយដែរ។ ដោយមិននិយាយចំឈ្មោះប្រទេសណាមួយ ប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ីបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល OCS នាថ្ងៃសុក្រ ទី១៧ កញ្ញាដោយចាត់ទុកទណ្ឌកម្មជាភេរវនិយមសេដ្ឋកិច្ច។ តាមលោករ៉ាអ៊ីស៊ី ពិភពលោកបានឈានចូលក្នុងយុគសម័យថ្មី ហើយអនុត្តរភាព និងឯកតោភាគីនិយមបានទទួលបរាជ័យ៕
មតិយោបល់