ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅចំណុចក្បែរផ្ទះសំណាក់ សុវណ្ណគិរី ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី អាយុប្រហែល៣០ឆ្នាំ ។ ជនសង្ស័យឈ្មោះ សន បុរី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខគ្មានលេខ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
វត្ថុតាងចាប់យក៖ទូរស័ព្ទដៃ ០១គ្រឿងម៉ាក អាយហ្វូនស៊ីចផ្លើស ពណ៌ ទឹកមាស, កាបូបដៃដាក់លុយ ពណ៌ខ្មៅ ចំនួន០១, ប័ណ្ណ ប.ស.ស ចំនួន០១ កាតធនាគារវីង ចំនួន០១ និងលុយចំនួន ២ម៉ឺនរៀល។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦នឹង០០នាទី ជនសង្ស័យ បានដើរចេញពីផ្ទះជួលនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវវេងស្រេង ពេលដល់ចំណុចក្បែរផ្ទះសំណាក់ សុវណ្ណគីរី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ក៏បានឃើញនារីរងគ្រោះម្នាក់ ដើរម្នាក់ឯងកាន់ទូរស័ព្ទដៃម៉ាក អាយហ្វូនស៊ីចផ្លើស ពណ៌ទឹកមាស និងកាបូបដៃដាក់លុយ ពណ៌ខ្មៅ ឃើញដូចនោះជនសង្ស័យក៏ដើរតាមពីក្រោយនារីរងគ្រោះនោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ និងកាបូបដៃដាក់លុយខាងលើ ហើយរត់គេចខ្លួន ភ្លាមៗនោះស្រាប់តែមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ល្បាតពួនស្ទាក់ក្បែរកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ តែម្ដង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់វត្ថុតាង។ចំណែកជនរងគ្រោះក្រោយពេលកើតហេតុរួចមិនបានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបានស្ទឹងមានជ័យទី៣ នោះទេ។ កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់