បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែចំណុចខាងត្បូងស្ពានភ្នំតុប(ស្ពានរាគអាចម៍)ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦Aប្រហែល១០ម៉ែត្រខាងជើងផ្លូវលំស្ថិតក្នុង ភូមិក្បវាលស្ពាន សង្កាត់សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង៧និង៣០នាទី ព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា បុរសឈ្មោះអាង សួ ភេទអាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចទីតាំងកើតហេតុខាងលើពេលនោះឃើញមែកឈើសង្កត់ដើមស្រូវក៏យកដៃទៅចាប់ទាញស្រាប់តែឃើញដៃសពជនរងគ្រោះផុសចេញមករួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។
សមត្ថកិច្ចបន្តថាលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងកម្លាំងនគរបាលក្រុងសិរីសោភ័ណពិនិត្យនិងធ្វើកោសល្យវិច័យ។ពិនិត្យឃើញថាសពមិនត្រូវគេស្គាល់អត្តសញ្ញាណភេទស្រីអាយុប្រមាណជា៣០ឆ្នាំជាងពាក់អាវយឺតពណ៌ក្រហមដៃវែងខោពណ៌ជើងវែងកីឡានៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួចត្រូវចុងដង្ហើម០១កន្លែង,ដើមកខាងស្តាំ០១កន្លែងនិងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។
សមត្ថកិច្ចបានឲ្យដឹងថានៅកន្លែងកើតហេតុបានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន០១នៅនឹងដី០១និងកូនកាំបិតចុងស្រួច០១។បើតាមការសន្និដ្ឋានគឺអាចជាករណីឃាតកម្មគឹតទុកជាមុនតែនៅមិនទាន់ដឹងថាជាករណីគំនុំប្លន់យកទ្រព្យសម្បតិ្តឬជាករណីស្នេហាត្រីកោណនោះឡើយនៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
ជាមួយគ្នានោះដែរសមត្ថកិច្ចបានអំពាវនាវដល់បងប្អូនដែលបាត់សមាជិកគ្រួសារឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះសូមមេត្តាជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចផងដែរ៕
មតិយោបល់