ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ជំរុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ខណ:រដ្ឋាភិបាលកំពុងរឹតបន្តឹងវិស័យអប់រំ

ភ្នំពេញ: លោកស្រីមានជំនឿថា ក្មួយៗយុវសិស្សទាំងអស់ ដែលមានវត្ដមាននៅទីនេះនឹងមានឱកាសបានសម្ដែងនូវ សមានចិត្ដកត្ដញ្ញូតបស្នងដល់លោកគ្រូ-អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនផ្ស៊ាំបណ្ដុះស្មារតីក្មួយៗឲ្យក្លាយជាមនុស្សមានចំណេះដឹង មានសីលធម៌ក្នុងការរស់នៅល្អ ស្គាល់ច្បាស់អំពើបាប-បុណ្យ ភាពកត្ដញ្ញូ ភាពជាពលរដ្ឋល្អ កូនល្អ សិស្សល្អ កល្យាណមិត្ដ និងជាមូលធនល្អរបស់ជាតិ។ ហើយទន្ទឹមនេះព្រឹត្ដិការណ៍ថ្ងៃនេះក៏ជាឱកាសដ៏ថ្លៃថ្លាមួយដែលលោកគ្រូ អ្នកគ្រូ បានទទួលនូវការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដែលបញ្ជាក់ពីសមានចិត្ដដឹងគុណរបស់សិស្សចំពោះគ្រូ ដែលកាយវិការនេះ គឺជានិយាមគម្រូដ៏ប្រពៃក្រៃលែងសម្រាប់យុវសិស្សដ៏ទៃទៀតរៀនសូត្រតាម រួមគ្នាជួយកសាងបណ្ដុះពុទ្ធិដល់យុវជនយើងឲ្យក្លាយជាយុវជនពេញដោយសក្ដានុពល ជាក្តីសង្ឃឹមរបស់ជាតិ។

បើតាមលោកស្រី មែ៉ន សំអន កោតសរសើរចំពោះសមាគមអ៊ីគ័នតាវកម្ពុជា និងបណ្ដាសាខាទាំងអស់ទូទាំងប្រទេសរបស់សមាគម ដែលបានផ្ដួចផ្ដើមប្រារព្ធរៀបចំព្រឹត្ដិការណ៍ដ៏មានសារ:សំខាន់ និងប្រកបដោយអត្ថន័យខ្លឹមសារនាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំការកសាងធនធានមនុស្ស និងមូលធនបញ្ញា ដែលរាជរដ្ឋាភិបាលកំពុងជំរុញការកែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពចំណេះដឹងរបស់សិស្ស និស្សិតឲ្យឡើងដល់ស្ដង់ដារ ដែលអាចធ្វើសមាហរណកម្មជាមួយតំបន់ និងពិភពលោកបាន។ ជាមួយការលើកតម្លៃគុណភាពអប់រំនេះក្រសួងអប់រំបានកំណត់ចតុស្ដម្ភ នៃការអប់រំគឺ (១).រៀនដើម្បីមានចំណេះដឹង (២).រៀនដើម្បីមានចំណេះធ្វើ (៣).រៀនដើម្បីក្លាយជាពលរដ្ឋល្អ(៤).រៀនដើម្បីចេះរួមរស់ជាមួយគ្នា ដោយសុខដុមរមនា “។

ការលើកឡើងបែបនេះ គ្រាដែលឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្នុងវិធី “លើកសរសើរសិស្សគំរូ មានក្រមសីលធម៌ល្អ និងគោរពឱវាទគ្រូបង្រៀន”រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បានចូលរួមអធិបតីដោយមានមន្រ្តីជាច្រើននាក់ និងសិស្សានុសិស្សចូលរួមផងដែរ ។

តាមរយ:សុន្ទរកថាស្វាគមន៍របស់អ្នកគ្រូឧបជ្ឈាយ៍ ឡាយ ឆាយចិន សូមគាំទ្រខ្លឹមសារក្រមសីលធម៌ ដែលអ្នកគ្រូបានលើកឡើងក្នុងនាមសមាគមអ៊ីគ័នតាវ ក្នុងនោះមានក្រមសីលធម៌របស់គ្រូ និងក្រមសីលធម៌របស់សិស្ស ដែលនេះគឺជាគោលការណ៍នៃគុណតម្លៃ និងកម្មវត្ថុនៃការអប់រំ។

បេសសកម្មការងាររបស់សមាគមគឺជា ការចូលរួមចំណែកយ៉ាងសំខាន់ មិនអាចមើលរំលងបាននូវការខិតខំប្រឹងប្រែងរបស់សមាគម និងអង្គការអ៊ីគ័នតាវកម្ពុជា ដែលបានចូលរួមបរិច្ចាគទាំងថវិកា កម្លាំងកាយចិត្ដជួយលើវិស័យអប់រំ ផ្ដោតដោយផ្ទាល់លើស្រទាប់យុវជន ដោយជួយដុសខាត់ ឥរិយាបថយុវជនឲ្យប្រកបដោយសីលធម៌ ក្នុងនោះមានបញ្ចូលទាំងចំណេះវិជ្ជាផ្នែកវប្បធម៌ ប្រពៃណី សុជីវធម៌ កតញ្ញុតាធម៌ ចំពោះមាតាបិតា និងចំពោះគ្រូឧបជ្ឈាយ៍។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹងនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ជាអាទិភាពខ្ពស់ចំពោះវិស័យអប់រំ និងបានកំណត់វិស័យនេះ ថាជាកត្ដារួមចំណែកកំណត់ជោគជ័យ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយប្រការនេះ ស្ដែងចេញតាមរយ:គោលនយោបាយ និងអនុសាសន៍ជាច្រើនរបស់ប្រមុខរាជរដ្ឋាភិបាល។ ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់វិស័យអប់រំ យុវជន និងកីឡា ឲ្យខិតខំបង្កើនគុណភាព សមត្ថភាព នៃការអប់រំ ជាមួយនេះដែរក្រសួងអប់រំ យុវជន និងកីឡា បានកំពុងខិតខំយ៉ាងសស្រាក់សស្រាំដាក់ចុះនូវគោលការណ៍ណែនាំ ជាបន្ដបន្ទាប់ សំដៅជំរុញល្បឿនកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីកែលម្អរបៀបបង្រៀនរបស់គ្រូ និងរបៀបរៀនរបស់សិស្សឲ្យកាន់តែមានប្រសិទ្ធភាព សុក្រឹត្យភាព ធានាបាននូវគុណភាព គុណវុឌ្ឍ ឆ្លើយតបទីផ្សារការងារ និងថែមទាំងសម្រិតសម្រាំងមុខវិជ្ជាសិក្សាឲ្យស្របជាមួយបរិបទការងារថ្មី នៃយុគ្គសម័យបច្ចេកវិទ្យា។

ទន្ទឹមនេះដែរក្នុងកម្មវិធីសិក្សាគ្រប់ភូមិសិក្សា សុទ្ធតែមានបញ្ចូលកម្មវិធីសិក្សាពីសីលធម៌តាមរយ:មេរៀន ព្រះពុទ្ធសាសនាបានផ្សាភ្ជាប់ទៅនឹងសង្គម ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមេរៀនសីលធម៌នេះបានបណ្តុះស្មារតីរបស់សិស្សឲ្យមានធម៌មេត្តា ករុណា និងកតញ្ញុតាធម៌។ព្រះពុទ្ធឱវាទបានបង្រៀនយើងថា៖នត្ថិ សន្តិ បរំ សុខំ មានន័យថាពុំមានសេចក្តីសុខឯណា ប្រសើជាងសេចក្តីស្ងប់ឡើយ ក្នុងន័យនេះគឺព្រះសម្មាសម្ពុទ្ធចង់បង្ហាញមាគ៌ាដល់មនុស្សគ្រប់ស្រទាប់វណ្ណ:ឲ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ។

ដើម្បីចូលរួមជាមួយអ្នកគ្រូឧបជ្ឈាយ៍ គ្រូធម្មទេសនា ក្មួយៗ យុវសិស្ស ក្នុងពិធីលើកសរសើរសិស្សគំរូ មានសីលធម៌ល្អ និងគោរពឱវាទគ្រូបង្រៀន របស់អង្គការសមាគមអ៊ីគ័នតាវឆ្នាំ២០១៦ ខ្ញុំសូមចែករំលែកទស្សនទានជូនដល់ក្មួយៗដូចខាងក្រោម៖១. សូមក្មួយៗមានកត្ដញ្ញូ ចំពោះមាតាបិតា ជាអ្នកមានគុណគ្មានអ្វីប្រៀបបានដូចជាព្រះរស់ លោកទាំងទ្វេបានផ្ដល់កំណើត រូបរាង្គកាយ ការចិញ្ចឹមបីបាច់ សេចក្តីអាណិតស្រលាញ់ និងជាគ្រូដំបូងបំផុតដែលអប់រំក្មួយៗឲ្យក្លាយជាមនុស្សប្រកបដោយធម៌ និងប្រព្រឹត្តអំពើល្អ ហើយភាសានិយាយដំបូងបំផុតគឺលោកឪពុកអ្នកម្តាយជាអ្នកបង្រៀនកូន ។ ២. សូមមានកត្ដញ្ញូ ចំពោះលោកគ្រូ អ្នកគ្រូ គ្រូឧបជ្ឈាយ៍ គ្រូធម្មទេសនាដែលបានផ្ស៊ាំបណ្ដុះបញ្ញាញាណក្មួយៗ ឲ្យប្រកបដោយសីលធម៌ និងកតញ្ញុតាធម៌ ធ្វើឲ្យជីវិតមានពន្លឺ និងជៀសផុតពីភាពអន្ធការអវិជ្ជា ។ ៣.មានកត្ដញ្ញូ ចំពោះញាតិមិត្ដ មិត្ដភ័ក្រ្ដ ដែលបានជួយក្មួយៗក្នុងគ្រប់កាល:ទេស:ទោះក្នុងចំណែកណាក៏ដោយ ដែលនាំឲ្យជីវិតក្មួយៗជួបនូវភាពវិជ្ជមាន និងមង្គល ភាព ។ ៤.មានកត្ដញ្ញូចំពោះថ្នាក់ដឹកនាំប្រទេស ដែលបានខិតខំធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីនាំមកនូវសុខសន្ដិភាព និងភាពរុងរឿងជូនដល់ប្រទេសជាតិ ហើយផ្ដល់ឱកាសឲ្យក្មួយៗមានថ្ងៃនេះ មានការសិក្សាអប់រំ និងមានអនាគតមួយដ៏ភ្លឺស្វាង តាមរយ:ការផ្តល់ឱកាសសង្គមនានា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពិតជារីករាយ និងមានមោទនភាពយ៉ាងខ្លាំង ខណ:ពេលឃើញក្មួយៗ កូនៗ មានសុខភាពល្អមាំមួន ប្រាជ្ញាឆ្លាតវៃ មានការខិតខំរៀនសូត្របានល្អ មានក្រមសីលធម៌ល្អ មានធម៌កត្ដញ្ញូ មានគុណធម៌ សុជីវធម៌ ព្រោះក្មួយៗ កូនៗ គឺជាកម្លាំងបន្ដវេនរបស់ជាតិ បន្ដវេនបម្រើមាតុភូមិឲ្យបានរីកចម្រើន និងស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្ដរ៍ ។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកគ្រូឧបជ្ឈាយ៍ឡាយ ឆាយចិន អគ្គលេខាធិការសមាគមអ៊ីគ័នតាវ និងថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់នៃសមាគម និងអង្គការអ៊ីគ័នតាវកម្ពុជារួមទាំងសប្បុរសជនទាំងអស់ ដែលបានធ្វើសកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជាមានដូចជា៖ ការបើកថ្នាក់បណ្តុះបណ្តាលភាសាចិន ភាសាអង់គ្លេស ពហុបច្ចេកទេស សិល្ប: ដូរ្យតន្ត្រី ការអប់រំ ផ្ស៉ាំបណ្តុះគុណតម្លៃសីលធម៌ កតញ្ញុតាធម៌ អប់រំណែនាំឲ្យចេះស្រលាញ់ការពារបរិស្ថាន ការចូលរួមបរិច្ចាកឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម ការធ្វើអំណោយផ្សេងៗដល់ជនទីទាល់ក្រ និងជាពិសេសនាពេលថ្មីៗនេះអង្គការសមាគមអ៊ីគ័នតាវបានផ្តល់អំណោយអង្កចំនួន៣០តោនតាមរយ:ខ្ញុំ ហើយក្រុមការងារបានចាត់ចែងយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៦ កន្លងទៅនេះ៕

មតិយោបល់