ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ ករណីលួចសំបុត្រចូលទស្សនា មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ

កណ្តាលៈ នៅថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១និង៥០ នាទីព្រឹក មានករណីបុរសម្នាក់ លួចសំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នៅចំណុចមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ZHAO HUANYU ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មានទីលំនៅ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ មុខរបរប្រធានគ្រប់គ្រង មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ។ ចំណែកជនសង្ស័យឈ្មោះ ទូច វាន់ឌឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកបរ រថយន្ត។

សម្ភារៈបាត់បង់៖ សំបុត្រចូលទស្សនាកម្សាន្ត មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ចំនួន៦០០សន្លឹក។

វត្ថុតាងចាប់យក៖ សំបុត្រចូលទស្សនាមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រចំនួន១៩៨សន្លឹក។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី មុនពេលកើតហេតុ ជនរងគ្រោះ ដោយមានការសង្ស័យថា មានការបាត់បង់ សំបុត្រចូលទស្សនាកម្សាន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រច្រើនសន្លឹក បានឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យធ្វើសកម្មភាពលួចយកសំបុត្រ ចូលទស្សនាកម្សាន្ត បានហៅជនសង្ស័យ មកសួរនាំ រួចឆែកឃើញសំបុត្រមួយចំនួន ជាវត្ថុតាងខាងលើ នៅក្នុងកាបូបស្ពាយ របស់ជនសង្ស័យ រួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដីឥដ្ឋនៅ ថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១និង៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំង ប៉ុស្តិ៍បាននាំជនសង្ស័យ វត្ថុតាង មកដើម្បីធ្វើការសួរនាំ។ ក្រោយពីសាកសួររួចនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា សំបុត្រជាវត្ថុតាងខាងលើ គឺខ្លួនពិតជាបានធ្វើសកម្មភាពលួចយកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់