ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តបើកកៀរម៉ូតូ ចូលកង់ក្រោយជាន់ពីលើស្លាប់មួយរំពេច

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តស៊ឺមីរ៉ឺម៉កកៀរម៉ូតូ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចខាងកើតផ្លូវចូលទៅផ្លូវហាប្រហែល១៥ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖​ តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន ជនរងគ្រោះមានឈ្មោះ ស្រី សារ័ត្នថា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើដំណើរពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តស៊ឺមីរ៉ឺម៉កកៀរហើយម៉ូតូជ្រុលទៅបុកពុំនូកខ្សាច់បណ្តាលឲ្យម៉ូតូដួលសង្កត់អ្នកបើកបរទាំងមនុស្សនិងម៉ូតូចូលកង់រថយន្តខាងក្រោយផ្នែកខាងស្តាំ ត្រូវកង់រថយន្តជាន់ពីលើម៉ូតូនិងមនុស្សស្លាប់តែម្តង។​ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលជំនាញត្រួតពិនិត្យរួច ឯម្ចាស់រថយន្តបានរត់គេចខ្លួន។ វត្ថុតាងម៉ូតូនិងរថយន្តត្រូវបានយកមករក្សានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់