កណ្ដាលៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាប់និងវាយទៅលើស្រ្តីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រហូតសន្លប់ស្ដូកស្ដឹង ប្លន់យកគ្រឿងអលង្ការ បន្ទាប់មកបានព្យាយាមលូនគេចខ្លួន កាត់ស្រូវហើយត្រូវបានប្រជាពលរដ្ឋ និងកម្លាំងប្រជាការពាររកឃើញ ចាប់បានរួចព្រួតវាយ បណ្ដាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់ ។ ប៉ុន្តែមុនពេលវាយប្រជាពលរដ្ឋ បានសួរនាំហើយជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានកាប់ប្លន់ស្រ្តីខាងលើមែន តែមានបក្ខពួក២នាក់ទៀតជួលខ្លួនឲ្យកាប់ប្លន់ ខណៈនោះប្រជាពលរដ្ឋផ្ទុះកំហឹងខ្លាំងណាស់ ក៏បាននាំគ្នាវាយសំពង ជនសង្ស័យខាងលើ រហូតដល់របួសធ្ងន់ដង្ហើមចង្រិត។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ហើយរហូតដល់វេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃដដែល ទើបតាមរកជនសង្ស័យឃើញ និងចាប់ខ្លួននៅត្រង់ចំណុចវាលស្រែភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ជិន ស្រីតូច អាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសក្បាលធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយបាត់បង់ខ្សែក ចិញ្ចៀន ខ្សែដៃ និងក្រវិលមាស សរុបជាង១តម្លឹង ។ ដោយឡែកជនសង្ស័យ មានអាយុប្រមាណ៤០ឆ្នាំ សម្បុរខ្មៅ សក់ខ្លៅ ស្លៀកខោខូវប៊យជើងខ្លីពណ៌ខៀវ ពាក់អាវយឺតដៃខ្លី ពណ៌ខ្លី មានសរសេរអក្សរអង់គ្លេសថា«Rakuten» ប្រដាប់ដោយពូថៅដៃ១ និងពិលពាក់ក្បាល១។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានទៅមើលទឹកស្រែ ស្ថិតនៅឯវាលស្រែត្រពាំងវែង ក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយខណៈនោះនាងបានពាក់គ្រឿងអលង្ការខាងលើ ទៅជាមួយផងដែរ ហើយបានជួបជនសង្ស័យកំពុងស្ថិតនៅទីនោះដែរ ។ ដោយឃើញស្រ្តីរងគ្រោះ មានតែម្នាក់ឯងហើយមានពាក់គ្រឿងអលង្ការផងនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពកាប់ និងវាយប្លន់តែម្ដង បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី រួចហើយជននេះបានគេចខ្លួនបាត់ស្រមោល។
ប្រភពខាងលើ បានបន្តទៀតថា ខណៈនោះគ្មាននរណាបានដឹងទេ ព្រោះចំពេលស្ងាត់ប៉ុន្តែ១ម៉ោងក្រោយមក ស្រ្តីរងគ្រោះបានដឹងខ្លួនឡើងវិញ ហើយបានដើរទាំងត្រដរ និងស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងប្រជាការពារសង្កាត់បឹងធំ ខណ្ឌកំបូល ដែលស្ថិតនៅជិតនោះ ស្រែកប្រកាលតាមវិទ្យុទាក់ទង ហើយកម្លាំងប្រជាការពារសង្កាត់កន្ទោក ខណ្ឌកំបូល ក៏បានចេញជួយស្ទាក់ ដោយមានប្រជាពលរដ្ឋជាច្រើនជួយតាមរកដែរ ។បន្ទាប់មកបានរុករកតាមស្នាម ដែលជនសង្ស័យលូនកាត់ស្រូវ លុះដល់វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញជនសង្ស័យនៅចំណុចភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ចាប់ខ្លួនបានហើយប្រជាពលរដ្ឋព្រួតវាយរហូតសន្លប់បាត់ស្មារតីតែម្ដង បន្ទាប់មកទើបនគរបាលទៅដល់ឆែករកមើលមិនឃើញមានគ្រឿងអលង្ការ នៅជាប់ខ្លួនជននោះឡើយ ទើបនគរបាលបញ្ជូនជននេះទៅសង្រ្គោះបន្ទាន់ ៕
មតិយោបល់