ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរត់មកដាក់ពាក្យបណ្តឹងយ៉ាងត្រហេបត្រហប និងភ័យស្លន់ស្លោនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ក្រោយពីរូបគាត់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានហៅម៉ូតូឌុបរបស់គាត់ដែលជាម៉ូតូស៊េរីថ្មីឆ្នាំ ២០១៥មួយគ្រឿងជិះ ហើយធ្វើសកម្មភាពធាក់បណ្តាលឲ្យដួលផ្កាប់មុខហើយយកជិះរត់គេចខ្លួនទៅបាត់ស្រមោលនោះ។ករណីប្លន់ម៉ូតូទាំងថ្ងៃនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣៥នាទីល្ងាច ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦ នៅចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ធនៈតេឡា ផ្លូវ ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីបុរសជាជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគាត់មានឈ្មោះ ស្វាយ ធី អាយុ ៣០ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសំបូរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ហើយម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះគឺម៉ាកហុងដា C125 ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FG-៩១៩៣ មួយគ្រឿង។
មុនពេលកើតហេតុ ខណៈពេលដែលរូបគាត់កំពុងតែអង្គុយរង់ចាំម៉ូយនៅម្តុំខាងជើងស្ពានដែកស្ទឹងមានជ័យនោះ ក៏ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរមកហៅឱ្យដឹកទៅនោះបន្តិច ហើយឡើងជិះលើម៉ូតូរបស់គាត់ ដោយដឹកទៅចូលទៅតាមផ្លូវបេតុង និងឱ្យឈប់នៅខាងមុខផ្ទះមួយកន្លែង ដែលស្ថិតនៅក្នុងភូមិដំណាក់ធំ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលទៅឈប់នៅខាងមុខផ្ទះខាងលើរួចហើយ ដោយទ្វារត្រូវចាក់សោរមិនមានមនុស្សនៅ បុរសជាជនសង្ស័យរូបនោះក៏បានចុះនិយាយទូរស័ព្ទទៅឲ្យគេយកកូនសោរមកចាក់បើកទ្វារឲ្យ ហើយក៏៏ឡើងជិះលើម៉ូតូបន្តទៅខាងមុខរំលងបានតែ៤ ទៅ ៥ផ្ទះ ប៉ុណ្ណោះលុះមកដល់កន្លែងកើតហេតុខាងលើ ក៏ហៅឲ្យឈប់និងចុះពីលើម៉ូតូម្តងទៀត ក៏ស្រាប់តែគេធ្វើសកម្មភាពធាក់ទំលាក់រូបគាត់ពីលើម៉ូតូ បណ្តាលឲ្យដួលផ្កាប់មុខ រួចយកម៉ូតូរបស់គាត់ឡើងជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ បុរសជាអ្នករត់ម៉ូតូឌុបរងគ្រោះក៏បានរត់មកដាក់ពាក្យបណ្តឹង និងប្រាប់ពីភិនភាគរបស់ជនសង្ស័យខាងលើយ៉ាងត្រហេបត្រហបនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីឲ្យជួយធ្វើការស្រាវជ្រាវ និងងាយស្រួលក្នុងការកំណត់មុខសញ្ញាចោប្លន់រូបនេះ ចាប់យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់