សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត១គ្រឿង ខណៈកំពុងធ្វើដំណើរដឹកជញ្ជូនជនជាតិវៀតណាមឆ្លងដែន ទៅកាន់ប្រទេសថៃ បានជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យស្លាប់មនុស្សចំនួន០៧នាក់(ស្រី០៣នាក់) រងរបួសស្រាលចំនួន០៥នាក់(ស្រី០២នាក់) ។
ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ០២និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានក្រចាប់ ចន្លោះគីឡូម៉ែត្រលេខ២៤៦-២៤៧ ស្ថិតនៅភូមិ ស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិវៀតណាម ទាំង១១នាក់នេះសុទ្ធសឹងតែលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត (មានលិខិតឆ្លងដែន-គ្មានប្រថាប់ត្រាច្រកទ្វារ)។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍បានឲ្យដឹងថា៖ ពួកគេរស់នៅខេត្តហាទិញ ប្រទេសវៀតណាម ត្រូវបានមេខ្យល់ម្នាក់មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម ណែនាំឲ្យទៅធ្វើការរកស៊ីនៅប្រទេសថៃ ដោយលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅប្រទេសថៃ ប៉ុន្តែត្រូវចំណាយប្រាក់ចំនួន ១៥,០០០,០០០ ដុងក្នុងម្នាក់ៗ ។ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេក៏បានធ្វើដំណើរពីខេត្តហាទិញ មកកាន់ក្រុងហាណូយ។
ពេលមកដល់មេខ្យល់ម្នាក់នោះបានមកទទួលពួកគេទៅស្នាក់នៅសណ្ឋាគារមួយកន្លែងមិនចាំឈ្មោះ បន្ទាប់មកពួកគេក៏បានប្រគល់ប្រាក់ចំនួន ១,៥០០,០០០ ដុងក្នុងម្នាក់ៗឲ្យទៅមេខ្យល់នោះ ។
បន្ទាប់ពីទទួលបានលុយគ្រប់ចំនួនហើយ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មេខ្យល់នោះក៏បានឲ្យរថយន្តមួយគ្រឿងដឹកពួកគេ មកដល់ខេត្តតៃនិញ នាវេលាម៉ោង១៩និង០០នាទី ហើយក៏មានម៉ូតូចំនួន០៦គ្រឿងរង់ចាំទទួល និងដឹកពួកគេលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយធ្វើដំណើរកាត់តាមចម្ការកៅស៊ូ (ម៉ូតូទាំង០៦គ្រឿងនោះបិទភ្លើងទាំងអស់)រយៈពេលប្រហែល៣០នាទី ក៍មានរថយន្តមួយគ្រឿងទៀត(រថយន្តដែលជួបគ្រោះថ្នាក់)បើកបរដោយជនជាតិខ្មែរ មកទទួលពួកគេធ្វើដំណើរបន្តទៅប្រទេសថៃ។
តាមពួកគេដឹងគឺធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅ ឡែម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចលួចឆ្លងដែនចូលទៅប្រទេសថៃ។
ជនជាតិវៀតណាមដែលនៅរស់ចំនួន០៥នាក់នេះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ TRUONG THI KHUYEN ភេទស្រី កើតថ្ងៃទី១២-០២-១៩៨២ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៦១០៤៩៧៣។
២-ឈ្មោះ PHAN THI VAN ភេទស្រី កើតថ្ងៃទី០៥-០៥-១៩៨៤ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C៧០៣៣៩២២។
៣-ឈ្មោះ HOANG QUOC TUAN ភេទប្រុស កើតថ្ងៃទី១៦-០៦-១៩៧៩ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខC៥៥៥៩៣១០។
៤-ឈ្មោះ DANG VAN VINH ភេទប្រុស កើតថ្ងៃទី១០-០៣-១៩៨១ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C៩៣៧៣២៨៤។
៥-ឈ្មោះ PHAM VIET LOI ភេទប្រុស កើតថ្ងៃទី១៤-០៣-១៩៨១ ជនជាតិវៀតណាម លិខិតឆ្លងដែនបាត់ ។
សាកសពជនរងគ្រោះទាំង ០៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់បណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ៕
មតិយោបល់