ព័ត៌មានជាតិ

រថយន្តបែនដឹកដី បើកបាក់ផ្លូវ ផុងកង់ក្រឡាប់លិចចូលទឹករណ្ដៅដីបាត់ស្រមោល!

ភ្នំពេញៈ រថយន្តបែនដឹកដី១គ្រឿង បានក្រឡាប់លិចបាត់ទៅក្នុងទឹករណ្ដៅដី ក្នុងពេលដែលកំពុងបើកបរតាមផ្លូវក្បែរមាត់រណ្ដៅដី ហើយបានបាក់ដីផ្លូវផុងកង់ម្ខាងរួចក៏បានក្រឡាប់ធ្លាក់ចូលទៅក្នុងរណ្ដៅដីនោះតែម្ដង។

ហេតុកាណ៍នោះមិនបានបណ្ដាលឲ្យអ្នកបើកបរមានគ្រោះឡើយ ព្រោះបានលោតចេញទាន់ និងបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់ ទី១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិសាមគ្គីទី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបែនដឹកដីនោះជារបស់ឈ្មួញម្នាក់នៅក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។ នៅមុនពេលកើតហេតុរថយន្តនោះបានដឹកដីទៅចាក់នៅក្នុងភូមិកើតហេតុនោះដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែបាក់ដីផុងកង់ខាងស្ដាំបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងរណ្ដៅដីខាងលើនិងលិចបាត់ទៅក្នុងទឹកតែម្ដង។ ប៉ុន្តែសំណាងខ្លាំងណាស់ដែលអ្នកបើកបរបានលោតចេញទាន់ មុនពេលដែលរថយន្តលិចទៅក្នុងទឹក ទើបរួចផុតពីសេចក្ដីស្លាប់។

ហើយរហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែលនោះ ម្ចាស់មិនទាន់រករថយន្តស្ទូចទៅស្ទូចយកចេញបាននៅឡើយ៕
https://youtu.be/vqR-YBxabKA

មតិយោបល់