ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យចំនួន០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រី ជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២១នេះ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
នៅវេលាម៉ោង០២រសៀល ថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្ត នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យូសុះ រូសាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ បច្ចុប្បន្នភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះដកហូតបានវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកកចំនួន០៧ កូនថង់តូច និងកម្ទេចថ្នាំ ពណ៌ក្រហម លាយម្សៅក្រាម ពណ៌សថ្លា០១ កូនថង់តូច,បំពង់កែវ សម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ ,បំពង់ចូលគ្រឿងញៀន ០១ និងទូរសព្ទ័ ០១ គ្រឿង ។

លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួននិងធ្វើការសួរនាំឈ្មោះ យូសុះ រូសាត់ ព្រមទាំងទទួលចម្លើយបានសារភាពនោះមក ។ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍រដ្ឋបាល បានបន្តស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ទៀត ជាបន្តបន្ទាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ២០ នាទី ព្រឹក ១/-ឈ្មោះ ស្រី ចម្រុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដកហូតបាន៖ ម្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកក០៣ កូនថង់តូច , ២/-ឈ្មោះ ស៊ុន គឹមសល់ ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងទូរស័ព្ទដៃ០១គ្រឿង, ៣/-ឈ្មោះ ស ណារុង ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្នភូមិភ្នំធំថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤/-ឈ្មោះ រឿង បូង៉ា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ សម្ភារ: ទូរសព្ទ័ ០១ គ្រឿង, ៥/-ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្នក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ​ វត្ថុតាងដកហូត: ម្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកកចំនួន៤ កូនថង់តូច, ថ្មាំពណ៌ក្រហម មានអក្សរ wy ចំនួន ២គ្រាប់កន្លះ, ៦/-ឈ្មោះ តូច ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វត្ថុតាងដកហូត ម្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៧ កូនថង់តូចសម្ភារ:ដកហូត ទូរសព្ទ័ ០១គ្រឿង។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យទាំង០៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ៕

មតិយោបល់