ព័ត៌មានជាតិ

រថយន្តកុងទឺន័រមួយគ្រឿង បើកលឿនបុកជញ្ជាំងរោងចក្រ បណ្តាលឲ្យឆ្លងភ្លើងឆេះ​ និងគាបតៃកុងជាប់ក្នុងកាប៊ីន

ភ្នំពេញ: បុរសម្នាក់បើករថយន្តកុងទឺន័រធុនធំមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោង ចាប់ហ្រ្វាំង និងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជញ្ជាំងរោងចក្រ បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ឆ្លងភ្លើងឆេះនិងគាបជាប់តៃកុងក្នុងរថយន្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០៣និង០០នាទីទៀបភ្លឺថ្ងៃ អាទិត្យទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ខាងកើតផ្សាទួលពង្រ ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ៅ សោភា អាយុ២១ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងទឺន័រធុនធំ ពណ៌លឿងមួយគ្រឿង (មិនមានផ្លាកលេខ) បើកបរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជញ្ជាំងរោងចក្របណ្តាលឲ្យបាក់អស់មួយផ្ទាំងធំ រថយន្តខ្ទេចកាប៊ីនខាងមុខ ស្ទើរតែទាំងស្រុង ឆ្លងភ្លើង បណ្តាលឲ្យឆេះត្រូវបានបងប្អូនប្រជាពលរដ្ឋ យកបំពុងពន្លត់អគ្គិភ័យមកពន្លត់ និងបាញ់ទឹកស្អំ រីឯតៃកុងរថយន្តវិញ គាបជាប់ជើងនៅក្នុងរថយន្ត បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យឯកជន ជួយគាស់តែមិនចេញក៏បានទាក់ទងទៅខាងក្រុមសង្គ្រោះ របស់កងពលតូចលេខ៧០ យករថយន្តមកកាត់ដែក ទើបយកជនរងគ្រោះចេញបាន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដាក់តាមរថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ យកទៅមន្ទីរពេទ្យព្រះកុសុម:(ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះបន្ទាន​រីឯរថយន្តវិញ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ឲ្យមកយករថយន្តទៅរក្សាទុក និងរង់ចាំភាគីតំណាងខាងរថយន្ត និងរោងចក្រ ដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់