ព័ត៌មានជាតិ

Update៖​ មកពីកម្មវិធីបុណ្យបងប្អូនវិញ ជិះម៉ូតូលឿនជ្រុលបុកបង្កាន់ដៃស្ពាន ធ្លាក់ចុះក្រោមស្លាប់មួយយប់ទើបដឹង

ភ្នំពេញ: បុរសម្នាក់ ខណ:ដែលមានជំងឺប្រចាំកាយ សតិមិនប្រក្រតី សង្ស័យហូបស្រា ទើបរើធ្វើទុក្ខ ជិះម៉ូតូបោះពួយល្បឿនលឿន វិលត្រឡប់មកពីបុណ្យវិញ ជិះម៉ូតូជ្រុលទៅបុកបង្កាន់ដៃស្ពាន ធ្លាក់ចុះក្រោមស្លាប់ អស់រយ:ពេលមួយយប់ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព បង្កឲ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ចំណុចស្ពានក្នុង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ទូច ចម្រើន ភេទប្រុស អាយុ៣១ឆ្នាំ ហើយមានជំងឺប្រចាំកាយ សតិមិនប្រក្រតី ពុំមានធ្វើការងារអ្វីកើត រស់ក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ឃី ទូច អាយុ៦៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានម្តាយឈ្មោះ ស្រី មួយហៀង អាយុ៦៤ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-7043 ជាមធ្យោបាយ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ពលរដ្ឋ អ្នកដើររកត្រី មាត់ប្រឡាយ ប្រទះឃើញម៉ូតូមួយគ្រឿង ធ្លាក់នៅក្រោមស្ពាន ពិនិត្យមើល ឃើញមានសពមនុស្ស ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យមើលជាក់ស្តែង ។

តាមការបំភ្លឺពីម្តាយជនរងគ្រោះ បានឲ្យដឹងថា គាត់មានកូនតែម្នាក់ហ្នឹងទេ តាំងពីកើតមក ជួបកម្មអកុសល កូនមានជំងឺប្រចាំកាយរហូត គឺជំងឺប្រព័ន្ធប្រសាទ ពិនិត្យពេទ្យប្រចាំខែ ប្រើប្រាស់ថ្នាំពេទ្យប្រចាំថ្ងៃ រហូតដល់ពេញវ័យ អាយុ៣១ឆ្នាំនេះ បន្ទុកគ្រួសារ ៣នាក់ប្តីប្រពន្ធនិងកូន រស់នៅត្រដាបត្រដួស ក្រោមដំបូលផ្ទះជួល ។ ប្រភពដដែលបន្តទៀតថា មុនកើតហេតុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់និងប្តី បានចាកចេញទៅលេងផ្ទះក្មួយនៅឯខេត្តកំពង់ឆ្នាំង ចំណែកកូនប្រុស(សព) នៅព្រលប់ថ្ងៃទី០៧ ក៏បានជិះម៉ូតូ ស្កុបពី ទៅចូលរួមបុណ្យ បងប្អូន នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល ហើយនៅវេលាម៉ោង៧យប់ថ្ងៃដដែល គាត់បានទូរស័ព្ទសួរកូនដែរ ប្រញាប់ទៅមើលផ្ទះ កុំនៅដល់យប់ជ្រៅពេក លុះដល់វេលាម៉ោង៨យប់ បន្ទាប់មក ទូរស័ព្ទចុចចូល តែមិនលើក នឹកថាកូនដល់ផ្ទះហើយ ដេកសម្រាក ស្រាប់តែនៅព្រឹកថ្ងៃទី០៨ នេះ សមត្ថកិច្ច ទូរស័ព្ទសាកសួរ ប្រាប់ថាកូនប្រុស ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ក្រោមស្ពានទៅវិញ ។

សពជនរងគ្រោះ បើតាមការពិនិត្យជាក់ស្តែង និងសាកសួរ ព័ត៌មាន ពីក្រុមគ្រួសារ សមត្ថកិច្ចសន្និដ្ឋាន ជនរងគ្រោះ ខណ:ដែលមានជំងឺប្រចាំកាយ លុះហូបស្រា ទើបជំងឺរើធ្វើទុក្ខ ជិះម៉ូតូលឿន ដល់ចំណុចផ្លូវកោង គ្រប់គ្រងខ្លួនឯងមិនបាន ជ្រុលបុកបង្កាន់ដៃស្ពាន ធ្លាក់ចុះទៅក្រោម តាំងពីយប់ថ្ងៃទី០៧ ខែវិច្ឆិកាម៉្លេះ តែគ្មានអ្នកណាដឹង ឃើញ ទម្រាំតែដឹង ឃើញ ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ម៉ូតូ ខ្ទេចមួយកំណាត់មុខ ស្លាកស្នាម គល់ស្ពាន បាក់ដាច់មែកឈើ ពោលជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកបង្កាន់ដៃស្ពាន ដោយខ្លួនឯង ។

សពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ ធ្វើកោសល្យវិច័យ ស្លាកស្នាមរួច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅតម្កល់ធ្វើបុណ្យ នៅវត្តទ្រនំជ្រឹង ក្បែរកន្លែងកើតហេតុតែម្តង ៕

មតិយោបល់