កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូតទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១១និង៣០នាទី មានករណីប៉ុនប៉ង ឃាតកម្ម នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅសង្កាត់ ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ នៅផ្ទះ។ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក(គេចខ្លួន)។
វត្ថុតាងចាប់យក៖-កូនកាំបិតចុងស្រួច ប្រវែង៩សង្ទីម៉ែត្រ មានប្រឡាក់ឈាម០១ ។ ជនរងគ្រោះមានរបួសស្នាមត្រង់ក្រោមឆ្អឹងជំនីរខាងស្តាំ មានស្នាមដាច់ចូលជ្រៅ ហូរឈាម ជាទម្ងន់ សន្លប់លែងដឹងខ្លួន។
មុនពេលវេលាកើតហេតុខាងលើ ជនសង្ស័យនិងជនរងគ្រោះ ជាអតីតគូដណ្តឹងនិងគ្នា តែដោយសារជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ ហើយជនរងគ្រោះ ក៏ធ្លាប់បានដាក់ពាក្យប្តឹងរក្សាទុកនៅប៉ុស្តិ៍ដើមមៀនទៀតផង រួចបានផ្តាច់ពាក្យទៅវិញ តែជនសង្ស័យនៅតែមកទាក់ទងរំខានជនរងគ្រោះរហូត។លុះមកដល់វេលាកើតហេតុ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យ ចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រាច់ តែនៅពេលដើរតាមផ្លូវ មិនទាន់និយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យ ដកកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះ យកមកចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំណែក ជនសង្ស័យបានបោះកាំបិតចោលហើយរត់គេចខ្លួនបាត់តែម្តង។ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុនិងជួយយកជនរងគ្រោះ មកកាន់មន្ទីរពេទ្យជ័យជំនះ និងកំពុងតែស្រាវជ្រាវ ដើម្បីបន្តស្វែងរក ចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមនីតិវិធី៕
មតិយោបល់