ព័ត៌មានជាតិ

បង្ក្រាបឈ្មួញលួចដឹកសាច់មាន់គ្មានច្បាប់អនុញាត និងខូចគុណភាព ចូលមកកម្ពុជា ​

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាច់មាន់គ្មានច្បាប់អនុញាត និងខូចគុណភាពទំងន់ជិត៤០០គីឡូក្រាម ដែលឈ្មួញលួចដឹកតាមរ៉ឺម៉ក ត្រូវបានកម្លាំងមន្ត្រីជំនាញធ្វើការ បង្ក្រាបបាន នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកសាន វិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមការណែនាំពីមន្ត្រីក្រសួងពាណិជ្ជកម្ម លោកអភិបាលខេត្តបន្ទាយមានជ័យ ឲ្យមានវិធានការទប់ស្កាត់ទំនិញគ្មានច្បាប់ និងខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋទិញបរិភោគ ។

ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវតាមវិធានការជំនាញ និងបានកំណត់មុខសញ្ញាឈានដល់ឃាត់បានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥៨ រួចក៏បានធ្វើការពិនិត្យមើលឆែកឆេររកឃើញមានផ្ទុកសាច់មាន់ជាច្រើនស្បោង ស្មើនឹងទម្ងន់៣៥០គីឡូក្រាម ដែលឈ្មួញដឹកបង្កប់លួចនាំចូលតាមច្រករបៀងអូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងគោលបំណងមកចែកចាយនៅផ្សារក្រុងប៉ោយប៉ែត ឬក៏អាចយកមកលក់តាមផ្សារមួយចំនួនក្នុង ខេត្តបន្ទាយមានជ័យផងដែរ ។

លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះសាច់មាន់ដែលត្រូវបង្ក្រាបបាននេះ មានទម្ងន់៣៥០គីឡូក្រាមនេះ ជាសាច់មាន់ដឹកជញ្ជូនខុសច្បាប់ និងខូចគុណភាព ក្រោយពីបង្ក្រាបបានកម្លាំងមន្ត្រីជំនាញនិងយកទៅធ្វើការដុតកម្ទេចចោល ចំណែកវត្ថុតាងជាមធ្យោបាយដឹកទំនិញ រួមទាំងម្ចាស់ក៏ត្រូវបាន អនុវត្តន៍ទៅតាមច្បាប់ ៕

មតិយោបល់