ភ្នំពេញៈ ដើម្បីដោះស្រាយបញ្ហាទឹកលិច ក្នុងរាជធានីភ្នំពេញ និងរក្សាឲ្យបាននៅផ្ទៃប្រឡាយ ឲ្យនៅគង់វង់ផងនោះ សាលារាជធានី បានបើកការដ្ឋានស្ថាបនាជញ្ជាំងបេតុងប្រឡាយ បឹងសាឡាង ដោយបុកស៊ីផាយ និងស្ថាបនាផ្លូវបេតុងអមសងខាងមាត់ប្រឡាយ រួមនិងការដាក់អំពូលភ្លើងបំភ្លឺ តាមដងប្រឡាយផងដែរ ហើយក្រោយពីស្ថាបនាទាំងប្រឡាយនិង ផ្លូវបេតុងសងខាងនេះរួច រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងផ្តល់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដែលរស់នៅជាប់មាត់ប្រឡាយនេះ ឲ្យបានស្របច្បាប់ផងដែរ ។
ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយអធិបតីភាព លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
បើតាមលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការដ្ឋានស្ថាបនាជញ្ជាំងបេតុង ប្រឡាយបឹងសាឡាងខាងលើនេះ មានប្រវែង៣៦៥ម៉ែត្រ ទទឹង៩ម៉ែត្រ និងស្ថាបនាផ្លូវបេតុងអមសងខាង មាត់ប្រឡាយទទឹង៥ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ រដ្ឋបាលរាជធានីភ្នំពេញ តែងតែផ្តល់អាទិភាពទៅលើការដោះស្រាយបញ្ហាទឹកលិច ក្នុងរាជធានីភ្នំពេញ ដោយធ្វើការស្តារនិង អភិវឌ្ឍន៍ប្រព័ន្ធលូ ដែលគិតមកដល់ពេលនេះ ការស្ថាបនាប្រព័ន្ធលូ សម្រេចបានប្រវែង៦០៦គីឡូម៉ែត្រ ។ សាងសង់ស្ថានីយ៍បូមទឹកថ្មី បន្ថែមចំនួន៤កន្លែង រួមមាន ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍បូមទឹកព្រះពន្លា ដែលមានសមត្ថភាពបូមទឹកកើន៣ដង ។ ជាទិសដៅនៅឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាស្ថានីយ៍បូមទឹកបន្ថែមចំនួន២កន្លែងទៀត គឺស្ថានីយ៍បូមទឹក១០០ខ្នង និងស្ថានីយ៍បូមទឹកលូប្រាំ ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍បញ្ជាក់ថា តំបន់បឹងសាឡាង អតីតជាដីទំនាបបឹង ពុំមានលំនៅដ្ឋានច្រើននោះទេ ហើយជាទីតាំងដែលស្តុកទឹកមួយចំនួនធំ មុននឹងហូរទៅប្រឡាយ បឹងស្ទឹងមានជ័យ ប៉ុន្តែភូមិសាស្រ្តនេះ បច្ចុប្បន្ន បានប្រែក្លាយទៅជាតំបន់លំនៅដ្ឋាន មានមនុស្សរស់នៅច្រើន ធ្វើឲ្យបាត់បង់ផ្ទៃស្តុកទឹក ពីបឹងមកត្រឹមជាប្រឡាយ រំដោះទឹកចូលទៅប្រឡាយស្ទឹងមានជ័យ ដែលតែងតែបង្កឲ្យមានការលិចលង់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
លោកប៉ា សុជាតិវង្ស បន្តថា ប្រឡាយបឹងសាឡាងនេះ រដ្ឋបាលរាជធានីនឹងស្ថាបនាឡើង ដោយចាក់ស៊ីផាយបេតុង ជញ្ជាំងប្រឡាយ ធ្វើផ្លូវបេតុងសងខាង រួមនឹងការដាក់អំពូលភ្លើង បំភ្លឺតាមដងប្រឡាយថែមទៀត ហើយក្រោយពីស្ថាបនាទាំងប្រឡាយនិង ផ្លូវបេតុងសងខាងនេះរួច រដ្ឋបាលរាជធានីភ្នំពេញក៏នឹងផ្តល់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋដែលរស់នៅ ជាប់មាត់ប្រឡាយនេះ ឲ្យបានស្របច្បាប់ផងដែរ។
លោកអភិបាលបន្តថា ប្រឡាយនេះមានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពី កណ្តាលក្រុង ហើយផ្លូវអមសងខាងប្រឡាយនេះ ក៏មានសារៈសំខាន់ខ្លាំងផងដែរ ដោយវាមិនមែនត្រឹមតែ ជាផ្លូវដើម្បីរំដោះចរាចរប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្លូវអាចនាំ គ្រឿងចក្រចូលទៅស្តារប្រឡាយនេះបាន ហើយវាក៏ជាផ្លូវសំខាន់ ក្នុងសង្គ្រោះពេលមានគ្រោះអាក្រក់ កើតឡើងផងដែរ។
លោកប៉ា សុជាតិវង្សបន្តថា ជាគម្រោងរបស់រដ្ឋបាលរាជធានី យើងនឹងស្ថាបនាជញ្ជាំងប្រឡាយទាំងអស់ ដោយចាក់ស៊ីផាយជាបេតុង ស្ថាបនាផ្លូវអមសងខាងប្រឡាយ និងការដាក់អំពូលភ្លើងបំភ្លី សាធារណៈតាមដងប្រឡាយផងដែរ គ្រាន់តែយើងធ្វើជាជំហានៗ ដោយសារលុយយើងមានកំណត់ មិនអាចក្នុងពេលតែមួយយើងស្ថាបនា បានទាំងអស់នោះទេ ៕






មតិយោបល់