ព័ត៌មានជាតិ

Update៖​ រថយន្តកៀរដៃចង្កូតម៉ូតូយុវជនម្នាក់ បណ្តាលឲ្យដួលបាក់កស្លាប់ សាកសពយកទៅតម្កល់នៅវត្តកប់ស្រូវ

ភ្នំពេញ: សង្ស័យរថយន្តកៀរដៃចង្កូតម៉ូតូយុវជនម្នាក់បណ្តាលឲ្យដួលបាក់កហូរឈាមស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចមុខការដ្ឋានផ្សារដើមគថ្មី លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ​ ហេងវិបុល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1GA 2754 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ យុវជនខាងលើ បានជិះម៉ូតូ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញគាត់ដេកស្លាប់ក្នុងត្លុកឈាមបាត់ទៅហើយ ដែលគេសង្ស័យថាមានរថយន្តបើកកៀរម៉ូតូដួលកិនក្បាលបែកឈាម បាក់កស្លាប់ រួចបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ បានមកដល់វាសវែង យកម៉ូតូទៅរក្សាទុក ចំណែកសពត្រូវបានដឹកទៅតម្កល់ទុក នៅក្នុងវត្តកប់ស្រូវតូច ដើម្បីរង់ចាំសាត់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់