បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងបុរសម្នាក់ បើកម៉ូតូចេញពីកន្លែងផឹកស៊ីទាំងសភាពស្រវឹងខ្លាំង ទៅបុកគោយន្តកន្ត្រៃពីមុខពេញទំហឹង បណ្តាលឲ្យរបួសដាច់សាច់ភ្លៅរបួសធ្ងន់កាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ឲ្យដឹថា ជនរងគ្រោះភាគីខាងម៉ូតូឈ្មោះ ហៃ ខ្វេត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងភាគីគោយន្តឈ្មោះ ឈួន សៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ នៅភូមិនិគមន៍ក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកមេបញ្ជាការ បញ្ជាក់ថា មុនពេលកើតហេតុនោះ មានម៉ូតូមួយគ្រឿង ស៊េរីចាស់ បើកបរដោយឈ្មោះ ហៃ ខ្វេត ពីត្បូងទៅជើងក្នុងល្បឿនលឿន ស្របពេលមានគោយន្តមួយគ្រឿង បើកដោយឈ្មោះ ឈួន សៀង បើកច្រាសទិសគ្នា ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូនោះ ដោយអ្នកបើកស្រវឹងខ្លាំងពេក ក៏បើកទៅបុកគោយន្តកន្ត្រៃពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសដាច់សាច់កំភ្លៅខាងស្តាំធ្ងន់ធ្ងរនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកជញ្ជូនទៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះជីវិត។ ចំណែកម៉ូតូខូចផ្នែកខាងមុខធ្ងន់ រួមនឹងគោយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់