ព័ត៌មានជាតិ

នារីម្នាក់ឈរចុចទូរស័ព្ទទៅក្រុមគ្រួសារ ស្រាប់តែជនសង្ស័យមិនស្គាល់មុខ ឆក់យកទៅបាត់ស្រមោល

ភ្នំពេញ: នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីចោរឆក់ទូរស័ព្ទដៃនារីម្នាក់ ម៉ាកអាហ្វូនទើបនឹងទិញ តម្លៃ៨០០ដុល្លារ បានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីខាងលើនេះ នារីរងគ្រោះ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះឡើយ ហើយមានវ័យប្រហែលជា១៧ ឆ្នាំប៉ុណ្ណោះ។ រីឯជនសង្ស័យបានរត់គចខ្លួនបាត់ស្រមោល។

ដំណើររឿង៖​ នៅមុនពេលកើតហេតុ នារីរងគ្រោះបានឈរចុចទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ហៅក្រុមគ្រួសារមកទទួលយកត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែភ្លាមៗនោះ ក៏មានជនសង្ស័យម្នាក់ ដើរមកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីរងគ្រោះខាងលើ បានសម្រេច រួចរត់គេចខ្លួនសំដៅមកខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយនាងក៏រត់ដេញតាមពីក្រោយ និងស្រែកឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះជួយដេញតាម ចាប់ជនសង្ស័យខាងលើ។ ពេលនោះជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់រកមិនឃើញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង តែនាងមិនដាក់ពាក្យនោះទេ៕

មតិយោបល់