ភ្នំពេញៈ ព្រឹកថ្ងៃសៅរិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ធ្វើជាអធិបតីក្នុង ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងព្រែកឌុយ ស្ថិតនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុងកោះធំ ខេត្តកណ្តាល ដែលមានបណ្តោយប្រវែង១៥ម៉ែត្រ និងទទឹង៨ម៉ែត្រ។ នេះបើតាមផេកហ្វេសប៊ុករបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃសៅរ៍នេះ។
ពិធីនេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំក្រសួង គណៈពង្រឹងស្រុកកោះធំ និងមន្ត្រីអាជ្ញាធរស្រុកកោះធំ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ៥០០នាក់។ ស្ពានបេតុងថ្មីនេះ ត្រូវចំណាយថវិកា សរុប ៦០៤,១០២,០០០រៀល ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រែកម្រេញ ឃុំពោធិបាន លោក ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់មន្ត្រីមូលដ្ឋាន និងអាជ្ញាធរទាំងអស់ ត្រូវគោរពស្រឡាញ់ ស្មោះត្រង់ និងប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតឱកាសនោះដែរ លោកបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីត្រៀមខ្លួនជ្រើសរើសគណបក្សនយោបាយណាដែលបងប្អូនស្រឡាញ់ និងទុកចិត្តបំផុត ហើយដែលបានបម្រើបងប្អូនច្រើនជាងគេ ជាពិសេក្នុងឃុំពោធិបាននេះ។
នៅព្រឹកថ្ងៃដដែលនេះ ក៏មានការបើកការដ្ឋានសាងសង់ ផ្លូវក្រាលគ្រួសក្រហម ប្រវែង៦.១៥០ម៉ែត្រ និង ផ្លូវចាក់បេតុងអារបេ ប្រវែង១.២០០ម៉ែត្រ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូននិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ធ្វើអញ្ជើញជាអធិបតីភាពក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម ប្រវែង៦.១៥០ម៉ែត្រ ទទឹង៦ម៉ែត្រ និង ផ្លូវចាក់បេតុងអារបេ ប្រវែង១.២០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុងកោះធំ ខេត្តកណ្តាល។
ផ្លូវនេះបម្រើដល់ប្រជាពលរដ្ឋ ចាប់ផ្តើមត្រង់ចំណុចបំបែកផ្លូវជាតិលេខ១១០ ឆ្ពោះទៅភូមិដំរីលើ ត្រង់ចំណុចផ្លូវទិញ ដែលត្រូវចំណាយថវិកាសរុប ៣,៣៦០,០០០៛ ហើយនឹងត្រូវបញ្ចប់ការសាងសង់ នាដើមឆ្នាំ២០១៧ខាងមុខនេះ៕
មតិយោបល់