កំពង់ចាមៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតរៀតណាម) នៅចំណុចកំពង់ចម្លងព្រែកសណ្តែកភូមិល្វេក្រោម ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាម្នាក់ មានឈ្មោះ ស្រេង ញ៉ា ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិល្វេលើ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងដកហូតវត្ថុតាងរួមមាន៖
១-ទូរសព្ទដៃចំនួន០២គ្រឿង
២-សៀវភៅកត់លេខឆ្នោតវៀតណាម០១ក្បាល
៣-ប៊ិក០២ដើម
៤-ក្រដាសកាបូន០១សន្លឹក
៥-ប្រាក់រៀលចំនួន២៩០,០០០រៀល(ពីរសែនប្រាំបួនម៉ឺរៀល)។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់