ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ពីបទ លួច (ទូរស័ព្ទដៃ) នៅចំណុចផ្ទះលេខ២៣៨D ផ្លូវម៉ៅសេទុង ក្រុម១៥ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឃិន ថុល ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅសព្វថ្ងៃមិនពិតប្រាកដ ស្រុកកំណើតភូមិអង្គរជ័យ ឃុំដំណាកកន្ទួត ស្រុកកំពង់ត្រាចខេត្តកំពត មុខរបរ មិនពិតប្រាកដ(ប្រើប្រាស់គ្រឿងញៀន)។ ជនរងគ្រោះឈ្មោះ តាំង អៀងសេង ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះលេខ238D ផ្លូវម៉ៅសេទុង ក្រុម១៥ ភូមិ៣ សង្កាត់ទំនប់ទឹក មុខរបរ លក់ដូរ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកសាំសុង (SamSung Not19) (ជារបស់ជនរងគ្រោះដកហូតពីជនសង្ស័យ ប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៤០នាទី ជនរងគ្រោះកំពុងអង្គុយលក់ដូរគ្រឿងសម្ភារជាងក្នុងផ្ទះខ្លួនខាងលើ ពេលនោះក៏ជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹក ក៏ស្រាប់តែមានជងសង្ស័យ បានដើរចូលមកដល់ក្នុងគោលបំណងសុំការងារធ្វើ ខណៈនោះជនសង្ស័យក៏ឃើញទូរស័ព្ទដៃ ០២គ្រឿងទុកនៅលើតុ ដោយមិនឃើញមានមនុស្សនៅក៏ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង (SumSung not9) ពណ៌ខ្មៅ បានសម្រេចហើយដាក់ចូលមួកកាទិប រួចដើរចេញគេចខ្លួន យកមកលក់នៅម្តុំផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ពេលនោះជនរងគ្រោះឆែកតាមប្រពន្ធGPSដែលដាក់ជាប់ទូរស័ព្ទដៃនោះ ក៏ឃើញជនសង្ស័យកំពុងឈរលក់ទូរស័ព្ទដៃរបស់ខ្លួន ក៏ចាប់ឃាត់ខ្លួន និងយកទូរស័ព្ទដៃ០១គ្រឿងខាងលើ មកប្រគល់ឲ្យសមត្ថកិច្ចនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវីធី ៕
មតិយោបល់