ទៅដាក់បង្កៃត្រីនាំកូនស្រីទៅជាមួយ បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់
បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នេះជារឿងមួយដ៏គួរឲ្យសង្វេគណាស់ ឪពុកទៅដាក់បង្កៃនិងនាំកូនស្រី២នាក់ទៅជាមួយ ដោយជាប់រវល់កូនទាំង២ចុះលេងទឹក បណ្តាលឲ្យលង់ស្លាប់ម្នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីក្មេងលង់ទឹកនេះកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរស្ងួតចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងកើតភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ ក្មេងរងគ្រោះទាំង២នាក់មានឈ្មោះ ខន សុខលាង អាយុ ៧ឆ្នាំ ជាកូនស្រីបងដោយសារអាការៈធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។ ចំណែកប្អូនស្រីឈ្មោះ ខន សុខលីន អាយុ ២ឆ្នាំ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំស្រុកមង្គលបូរី ។
លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងបន្តទៀតថា៖ នៅមុនពេលកើតហេតុ ឪពុកបានទៅដាក់បង្កៃនៅចំណុចខាងលើហើយបានយកកូនស្រីទាំង២នាក់ទៅផង ស្របពេលនោះ ឪពុកបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយ លុះដាក់បានប្រហែល៣០បង្កៃ ឃើញកូនលង់ទឹកក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះរួចក៏បញ្ជូនទៅពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី ។ក្រោយពេលដែលក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក ប្អូនស្រីឈ្មោះ ខន សុខលីនសង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាង អាយុ ៧ឆ្នាំ ជាបងស្រីបានស្លាប់ ។
សពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់