ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ គាស់ទ្វារផ្ទះដាក់លើរទេះអេតចាយ និងលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០២ និង០៥នាទី រំលងអាធ្រាត្រ ជនរងគ្រោះបានរៀបចំឥវ៉ាន់បិទទ្វារហាង នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលបិទទ្វារចាក់សោហើយ ក៏ចេញទៅទិញបន្លែនៅផ្សារដើមគរ ស្រាប់តែមានជនសង្ស័យចំនួន ២នាក់ បានអូសរទេះដើររើសអេតចាយ មកធ្វើសកម្មភាពយកសរសៃលួសលួចឆ្កឹះសោទ្វារផ្ទះជនរងគ្រោះ លួចលើកដាក់លើរទេះអេតចាយគេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ សាំង ស្រីនាង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងក្លែម។
១- ជនសង្ស័យឈ្មោះ ឡុង បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២- ជនសង្ស័យឈ្មោះ ខក ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ។
លុះដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៣ និង៣០នាទី ទៀបភ្លឺ ជនសង្ស័យឈ្មោះ ឡុង បូរ៉ា និងឈ្មោះ ខក នាំគ្នាដើរលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះម្តងទៀត តែត្រូវជនរងគ្រោះឃើញទាន់ ក៏ស្រែកឆោឡោលឺដល់សមត្ថកិច្ចនៅក្បែរនោះ ក៏ធ្វើការឃាត់ជនសង្ស័យឈ្មោះ ឡុង បូរ៉ា យកមកធ្វើការសាកសួរតែម្តង ចំណែកបក្ខពួកឈ្មោះ ខក បានរត់គេចខ្លួនបាត់។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង បូរ៉ា និងឈ្មោះ ខក បានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ លួចយកម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FS-3990 របស់ជនរងគ្រោះឈ្មោះ ចាន់ ស៊ីនួន ភេទប្រុស អាយុ ២៩ឆ្នាំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី ។

សម្ភារ:បាត់បង់រួមមាន៖ ទូរដែកចំនួន០១ , លុយដុល្លារចំនួន៤០០ដុល្លារ , ស្រាបៀរម៉ាកផ្សេងៗ ចំនួន ១០កេស។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់