ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូស្គុពីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាក RAIZE មួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវបែកជាបួនជ្រុលទៅបុកនិងកិនម៉ូតូស្គុបពី ពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើងរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្រ្គោះភ្លាមៗ ស្ថិតតាមបណ្តោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូស្គុបពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IY-0482 បើកបរតាមបណ្តោយផ្លូវ១៤៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបែកជាបួន ស្រាប់តែមានរថយន្ត RAIZE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BU-3933 បើកបរតាមបណ្តោយផ្លូវ៣១០ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូស្គុបពី ជិះឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹង កិនអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបាក់ជើងមួយចំហៀង រងរបួសធ្ងន់ ត្រូវបានរថយន្ត ដឹកយកទៅសង្រ្គោះ ។ ចំណែកម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចឃាត់បាន នៅកន្លែងកើតហេតុ ។

បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តបង្កហេតុ យកទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត ។ រីឯវត្ថុតាងទាំងពីរគ្រឿង បានយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់