កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តសណ្តោងរ៉ឺម៉ក បុកគ្នាជាមួយរថយន្តសាំងយ៉ុង ក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨ និង១៩នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០
តាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
មូលហេតុ៖ រថយន្តសណ្តោង ចុះចំណោត មិនប្រយ័ត្នក៏ចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ស ក្បាលពាក់ផ្លាកលេខ ភ្នំពេញ 3C-5543 និងរ៉ឺម៉កសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-2836 អ្នកបើកមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរពីភ្នំពេញទៅកោះកុង ដោយសារចុះចំណោត មិនប្រយ័ត្នក៏ចូលបុកចំពីមុខរថយន្ត ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កោះកុង 2B-8587 (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ តឹប លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) ចំណែកអ្នករួមដំណើរម្នាក់ ឈ្មោះ កែវ សុខា ភេទស្រីអាយុ៦២ ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ (របួសធ្ងន់)។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបញ្ជូនទៅមណ្ឌលសុខភាពត្រពាំងរូងភ្លាមៗផងដែរ៕
មតិយោបល់