ភ្នំពេញៈ នារីម្នាក់ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធភ្ជង់ប្លន់ យកម៉ូតូហុងដាស៊េរីឆ្នាំ២០០៧ គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនរំខានទៅដល់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពញ។
តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពញ1 2257 ដោយមិនចាំអក្សរខាងមុខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ឡើងស្ពានអាកាសស្ទឹងមានជ័យ បំណងទៅផ្ទះនៅម្តុំផ្សារដើមថ្កូវ ខណៈមកដល់ចំណុចពាក់កណ្តាលស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខ និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមកកៀរឲ្យឈប់រួចគំរាមបាញ់សម្លាប់និងប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុមានបុរសម្នាក់មកជួបក៏ជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ហើយក៏សមត្ថកិច្ចបាននាំនារីរងគ្រោះមកចង្អុលបង្ហាញទីតាំងកើតហេតុ ភ្លាមៗនោះក៏បានដឹកជូនទៅផ្ទះជនរងគ្រោះបាត់ទៀត ដោយមិននាំទៅដាក់ពាក្យបណ្តឹង សង្ស័យគេចពីក្រុមអ្នកព័ត៌មាន រឺខ្លាចមិនចង់ឲ្យផ្សព្វផ្សាយ ព្រោះខ្លាចល្បីប៉ុស្តិ៍ ដែលសម្បូរណាស់នូវករណីប្លន់ តែមិនដែលបង្ក្រាបបានសូម្បីតែម្តង។
ប្រជាពលរដ្ឋកំពុងតែភ័យខ្លាចនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ដែលពោពេញទៅដោយក្រុមចោរឆក់ ប្លន់ គាស់ផ្ទះជាដើម បន្តិចទៀតអាចនិងប្តូរឈ្មោះមកដាក់សង្កាត់ស្ទឹងមានចោរលេខ១វិញហើយមើលទៅ៕
មតិយោបល់