បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កុមារីម្នាក់ ជាសិស្សសាលា បានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីត្រូវម៉ូតូបុក ហើយក្រោយមកបានស្លាប់ ខណៈពេលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកុមារខេត្តសៀមរាប ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A មុខសាលាបឋមសិក្សាពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ កុមារីរងគ្រោះឈ្មោះ បូ ជីតា ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះ សន្តូ សាលឹត ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម៉ូតូម៉ាកហុងដា MSX ពណ៌ខៀវផ្ទៃមេឃ ពាក់ផ្លាកលេខប.មានជ័យ1T-2916 ។
លោកនាយការិយាល័យ បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុគេបានឃើញកុមារីរងគ្រោះចេញពីសាលារៀន ហើយបានដើរឆ្លងផ្លូវ ស្របពេលនោះ អ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ពេលដល់ចំណុចកើតហេតុត្រង់ចំណុចមុខសាលាបឋមសិក្សាពង្រ បានបុកក្មេងស្រីជាសិស្សសាលា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកុមារនៅខេត្តសៀមរាប តែជាអកុសលកុមារីរងគ្រោះបានដាច់ខ្យល់ស្លាប់ ។ អ្នកបើកបរម៉ូតូរងរបួសស្រាល មនុស្សនិងម៉ូតូ នគរបាលចរាចរណ៍ខេត្តនាំមកការិយាល័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកសិស្សសាលានេះដែរ មានប្រជាពលរដ្ឋនៅភូមិពង្រ បានលើកឡើងថា៖ លោកនាយប៉ុស្តិ៍កំពុងស្វាយ ក៏ដូចជាអធិការនគរបាលក្រុងសិរីសោភ័ណ គួរណាស់តែយកចិត្តទុកដាក់ចាត់កម្លាំងជួយសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលារៀនពង្រនេះផង ដូចជានៅតាមបណ្តាលសាលារៀនផ្សេងៗនៅពេលសិស្សចេញពីសាលារៀន នគរបាលចរាចរណ៍ឬនគរបាលប៉ុស្តិ៍មកជួយសម្រួលចរាចរណ៍ឲ្យសិស្សសាលា ពិសេសគឺសិស្សសាលាតូចៗ នៅសាលាបឋមសិក្សាពង្រនេះ មិនដែលឃើញនគរបាលចុះមកជួយសម្រួលចរាចរណ៍នៅពេលសិស្សចេញពីសាលានោះឡើយ៕
មតិយោបល់