ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភសេពសន្ថវ:អនីតិជន២នាក់ ត្រូវជាកូនចុងនិងចៅ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រឿងអាស្រូវមួយត្រូវបានបែកធ្លាយ រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២១​ ខែវិ​ច្ឆិកា​ ឆ្នាំ២០២០​ វេលាម៉ោង១និង៥នាទី ពីបទរំលោភសេពសន្ថវ:លើកុមារីអាយុក្រោម១៥ឆ្នាំរហូតបានសម្រេច ជាច្រើនលើក នៅចំណុចចម្ការក្រូចទន្លា ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្រោយពីរឿងអាស្រូវមួយនេះ បានបែកធ្លាយ សមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្ដឹង ពីបងស្រីត្រូវជាម្តាយជនរងគ្រោះឈ្មោះ អ៊ូច ផាត ភេទស្រី អាយុ២៨ឆ្នាំ រស់នៅ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្ដឹងពីបទរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី១៥.១១.២០២០ វេលាម៉ោង១និង៣០នាទីថ្ងៃ នៅចំណុចចម្ការក្រូចទន្លា ស្ថិតស្រុកភ្នំក្រវាញ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យ័ន្ត គយ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុដោយបានរៀបរាប់ថា ជនសង្ស័យបានចាប់កុមារីរងគ្រោះឈ្មោះ អ​ ស​ អ​ អាយុ៧ឆ្នាំ (ត្រូវជាកូនចុង) រស់នៅភូមិ-ឃុំកើតហេតុ ដោយរួមភេទបានសម្រេចជាមួយកុមារី​ រងគ្រោះត្រូវជាកូនរបស់គាត់ ជាច្រើនលើកមកហើយ ក្រោយពីចាប់កុមារីរងគ្រោះខាងលើ រួមភេទរួចមកជនសង្ស័យក៏បានបន្តចាប់រំលោភកុមារីរងគ្រោះម្នាក់ទៀត ឈ្មោះ ឃ​ ស​ ខ (ត្រូវជាចៅចុង) ដោយរួមភេទបានសម្រេចជាច្រើនដងដូចគ្នាផងដែរ។

បងស្រីបានបន្តថា រៀងរាល់ពេលដែលជនសង្ស័យបានចាប់កុមារីរងគ្រោះទាំងពីរនាក់រួមភេទរួច ជនសង្ស័យតែងតែនិយាយប្រាប់កុមារីទាំងពីរនាក់ថា កុំឲ្យយករឿងនេះទៅនិយាយប្រាប់គេឯងដឹងឲ្យសោះ ដូចនេះកុមារីទាំងពីរមានការភ័យខ្លាយរឿងនេះ ក៏កប់ឈឹងទៅរហូតមកដល់ថ្ងៃកើតហេតុ ទើបម្តាយកុមារីរងគ្រោះ មានមន្ទិលសង្ស័យហើយបានសួរកូនរបស់គាត់ ទើបបែករឿងនេះឡើងគាត់ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យតែម្តង។

សមត្ថកិច្ចជំនាញបានឲ្យដឹងបន្តថា បន្ទាប់ពីស្តាប់របាយការណ៍ បណ្តឹងរបស់ជនរងគ្រោះ រួចមកសមត្ថកិច្ចបានសុំគោលការណ៍ ពីលោកព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈទូរស័ព្ទសម្រេចឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំហើយកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់