ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចខោក្នុងរោងចក្រអៅវ័រ តិចស្តាយ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួច (ខោក្នុងរោងចក្រ) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី ត្រង់ចំណុចរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តា មានទីលំនៅផ្ទះលេខ២១៨ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ សន សុខពឿន ហៅសាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នឹងទី៣-ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Iphone5 ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។

លោកអធិការបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១នឹង០០នាទី ជនរងគ្រោះឈ្មោះ ហួ គឹមសាន ស្រាប់តែឈ្មោះ ស៊ិន សុរ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ ប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន០៨កាតុង គិតជាទឹកប្រាក់ចំនួន២០០០ ដុល្លារ (ពីរពាន់ដុល្លារអាមេរិក)។ ហើយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះក៏បានឱ្យប្រធានរដ្ឋបាលហៅកម្មករដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ទើបដឹងថា ជនសង្ស័យឈ្មោះ សន សុខពឿន និងឈ្មោះ ប៉ិច សុខ ជាអ្នកធ្វើសកម្មភាពលួចយកកាតុងខោ ហើយជនរងគ្រោះបានពិនិត្យខោអាវដែលស្តុបនៅក្នុងឃ្លាំងសម្ភារ: ឃើញថា បាត់ខោលីអូរបស់រោងចក្រអស់ជាច្រើនទៀត គិតជាទឹកប្រាក់សរុបចំនួន៩៧,៥០០ដុល្លារ (ប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លារអាមេរិក) ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជួយអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង០២នាក់ខាងលើ យកមកសាកសួរតាមនីតិវិធីច្បាប់។

បន្ទាប់ពីសមត្ថកិច្ចសាកសួរទៅលើជនសង្ស័យទាំង០២នាក់ ពួកគេ (ជនសង្ស័យ) បានសារភាពថា កាតុងខោ និងខោលីអូដែលលួចបានយកទៅលក់ឱ្យជនសង្ស័យឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចសមត្ថកិច្ច ក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ គីមស្រេង បានម្នាក់ទៀតនៅផ្ទះរបស់ជនសង្ស័យខាងលើ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបន្ត។

ក្រោយពីសាកសួរជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួច និងទិញខោរបស់រោងចក្រអៅវ័រ តិចស្តាយ ជាច្រើនលើកប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់