ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ខឹងប្រពន្ធចុះចោល ចាក់សម្លាប់កូនស្រីស្លាប់ និងយកន្ត្រៃចាក់សម្លាប់ខ្លួនឯង តាមក្រោយមិនបានសម្រេច

កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីបុរសជនជាតិចិនម្នាក់ ចាក់សម្លាប់កូនស្រីខ្លួនឯងនៅក្នុងបន្ទប់ផ្ទះសំណាក់រួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះទៅអន្តរាមន៍ចាប់ខ្លួនជនសង្ស័យរូបនេះ តែដោយសារជនសង្ស័យចាក់ប្រហារខ្លួនឯងដែរនោះ ទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសង្រ្គោះនៅមន្ទីរជ័យជម្នះ។

ករណីឃាតកម្មសម្លាប់កូនស្រីខ្លួនឯងហើយចាក់សម្លាប់ខ្លួនឯងជាក្រោយ តែមិនស្លាប់នេះបានកើតឡើងកាលពី វេលម៉ោង១៩នឹង១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់លេខ១០១ ផ្ទះសំណាក់ យីហោ មង្គល ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ទ័រ ទ័រ អាយុ ១ឆ្នាំជាង ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ មានម្តាយជា ជនជាតិខ្មែរ មានឪពុក ជាជនជាតិចិន។ ជនសង្ស័យត្រូវជាឪពុកឈ្មោះ ភីន ភីន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់ នៅក្នុងភូមិ/សង្កាត់កើតហេតុ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រ: អាយុ ៣០ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និងកូនស្រីតូច របស់ខ្លួនដែលរស់នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា ហើយបានមកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ស្នាក់នៅ អស់រយ:ពេល ជាង១ខែមកហើយ។ លុះបានប្រហែល១០ថ្ងៃមុនកើតហេតុជន សង្ស័យជាប្តីបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញនៅផ្ទះសំណាក់ខាងលើ និងបានរស់នៅជាមួយគ្នារហូតមក ទើបនៅវេលាម៉ោង១៤នឹង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យ និងស្ត្រីជាប្រពន្ធបានឈ្លោះប្រកែកគ្នាជាថ្មីម្តងទៀត ធ្វើឲ្យស្ត្រីជាប្រពន្ធដាច់ចិត្តចុះចោលជនសង្ស័យជាថ្មីម្តងទៀត។

ប្រភពដដែលបានបន្តទៀតថា ការចុះចោលលើកនេះធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បា ក៏បានសម្រេចចិត្តចាក់សម្លាប់កូនស្រី និងចាក់ខ្លួនឯងជាក្រោយដោយកន្ត្រៃ ក្រោយពីមានហេតុការណ៍កើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះទៅអន្តរាមន៍ ចាប់ខ្លួនជនសង្ស័យតែដោយសារជនសង្ស័យមានរបួសដែរនោះទើបសមត្ថកិច្ចបញ្ជូនសង្ស័យទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ រង់ចាំព្យាបាលរបួសរួច ទើបបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់